អភិបាលខេត្ត បានណែនាំមន្ត្រីអោយចេះ​រួម​សហការគ្នាធ្វើការងារជាក្រុម និងមានការ​ទទួលខុសត្រូវដើម្បី ឆ្លើយតបបានទាន់ពេល​វេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីក​រាលដាលឆ្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង៣ ទីតាំង នៅក្រុងព្រះសីហនុ។ ទីតាំងទាំង៣កន្លែងនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំសម្រាប់ដាក់អ្នកដែលត្រូវធ្វើចត្តាឡីស័កក្នុងដំណាក់កាលថ្មីនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន  បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមសហការធ្វើការងារជាក្រុមស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍ ប្រកបដោយភាពប្រាកដប្រជា។  ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ត្រូវត្រៀមរៀបចំបង្កើនចំនួនគ្រូពេទ្យយកសំណាកភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិកងកេង មកកាន់ខេត្តព្រះសីហនុ និងត្រូវត្រៀមកម្លាំងការពារបន្ថែម ដើម្បីធានាដល់ការងារគ្រប់គ្រងធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃអោយបានត្រឹមត្រូវបំផុត។  

គួររំលឹកថាកាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ឯកឧត្តម គួច ចំរើន បានដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ករួចហើយដែរ ដោយបានណែនាំអោយរកសណ្ឋាគារ/ផ្ទះសំណាក់ចំនួន០៣ទីតាំង ដើម្បីត្រៀមរៀបចំទទួលភ្ញៀវស្នាក់នៅធ្វើចត្តាឡីស័ក។  គួរបញ្ជាក់ជូនថា សម្រាប់ពេលបច្ចុប្បន្ននេះសំណាកវិភាគផ្សេងៗពីរបស់អ្នកខេត្តព្រះសីហនុ ត្រូវចំណាយពេលវេលាដឹកជញ្ជូនយកទៅធ្វើវិភាគនៅមន្ទីរពិសោធន៍នៅក្រុងភ្នំពេញ។  ក៏ប៉ុន្តែនៅថ្ងៃអនាគតដ៏ខ្លីខាងមុខខេត្តព្រះសីហនុ នឹងមានមន្ទីរពិសោធន៍នៅនឹងកន្លែងតែម្តង។សព្វថ្ងៃ អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រមួយកំពុងដំណើរការសាងសង់ក្នុង     បរវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយគ្រោងបំពាក់ ម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួង សុខាភិបាលកម្ពុជា ។

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។  តាមរយៈការសាងសង់អគារមន្ទីរ ពិសោធន៍នេះ នឹងអាចជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើមដោយមិនបាច់ចំណាយពេលយកទៅភ្នំពេញឡើយ៕(សាវ៉ុន)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner