អាមេរិកងាកទៅចាប់អារម្មណ៍ទីផ្សាររថយន្តអគ្គិសនីកាន់តែខ្លាំងខណៈ Lucid Motor ចាយលុយ 700លានដុល្លារផលិតរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន
បរទេស ៖ យើងបានស្គាល់មកហើយអំពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ Tesla ដែលបច្ចុប្បន្នកំពុងតែនាំមុខគេយ៉ាងខ្លាំងនៅក្នុងទីផ្សារលក់រថយន្តអគ្គិសនីនៅទូទាំងសហរដ្ឋអាមេរិកហើយក៏កំពុងវាយលុកទៅកាន់ទីផ្សារអ៊ឺរ៉ុបនិងចិនផងដែរ។
តម្រូវការរថយន្តអគ្គិសនីនាពេលនេះហាក់កំពុងកើនឡើងកាន់តែខ្លាំង ជាក់ស្តែងនៅត្រីមាសទី 3 ឆ្នាំ 2020 នេះ Tesla បានលក់ដាច់រថយន្តរបស់ខ្លួនលើសកំណត់ត្រាចាស់កាលពីឆ្នាំ 2019 ដែលមានត្រឹមតែ 112,000 គ្រឿងទៅដល់ 139,300 គ្រឿង។
ទំនោររបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកក៏មានការកើនឡើងខណៈដែលសកម្មភាពរបស់ក្រុមហ៊ុនផលិតរថយន្តនានាក៏ងាកមកចាប់អារម្មណ៍កាន់តែខ្លាំងទៅលើសង្វាក់ផលិតកម្មផលិតរថយន្តអគ្គិសនី ហើយនៅសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់អាមេរិកដែលមានឈ្មោះថា Lucid Motors ទើបតែបានប្រកាសរួចរាល់នូវដំណាក់កាលទី 1 នៃរោងចក្រផលិតរថយន្តដែលមានតម្លៃរហូតដល់ទៅ 700 លានដុល្លាររបស់ខ្លួនផងដែរ។
តាមផែនការ Lucid Motors នឹងអាចចាប់ផ្តើមផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានចាប់ពីនិទាឃរដូវនេះហើយដែលរោងចក្រនេះនឹងមានសមត្ថភាពផលិតរថយន្តបានទៅដល់ 30,000 គ្រឿងក្នុងមួយឆ្នាំ។
យោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិលោក Peter Rawlinson បានឲ្យដឹងថារោងចក្របានសាងសង់រួចរាល់ក្នុងទំហំផ្ទៃដី 999,000 ហ្វីតការ៉េ ឬប្រមាណជា 92,810.13ម៉ែតការ៉េប៉ុន្តែនឹងបន្តពង្រីករហូតទៅដល់
5 លានហ្វីតការ៉េហើយនៅពេលដែលរោងចក្ររួចរាល់ពេញលេញនោះ Lucid Motors នឹងអាចផលិតរថយន្តអគ្គិសនីបានទៅដល់ 400,000 គ្រឿងក្នុងមួយឆ្នាំ។
Lucid បានបែកចែកការកសាងរោងចក្រតម្លៃ 700 លានដុល្លារនេះទៅជា 4 ដំណាក់កាលខណៈដែលដំណាក់កាលទី 2 នឹងចាប់ផ្តើមពីដើមឆ្នាំក្រោយហើយគ្រោងនឹងបញ្ចប់ដំណាក់កាលទី 4 ឲ្យបានឆ្នាំត្រឹមឆ្នាំ2028៕