ភាគហ៊ុន Zoom ធ្លាក់ចុះបន្តិច ស្ថាបនិកលោក Yuan បាត់បង់ទ្រព្យដល់ទៅ 3.1 ពាន់លានដុល្លារ
បរទេស៖ទីបំផុតស្តុកហ៊ុនរបស់ក្រុមហ៊ុន Zoom Video Communication បានធ្លាក់ចុះប្រមាណជា 15 ភាគរយ
ហើយកាលពីថ្ងៃអង្គារទោះបីជាកន្លងមកមានការកើនឡើងខ្លាំងនិងទស្សទាយថានឹងនៅតែបន្តកើនឡើងទៀតនៅត្រីមាសទី 4 ក្តី។
យោងតាមការចេញផ្សាយរបស់ the Forbes បានបង្ហាញដែរថា តួលេខធ្លាក់ចុះនេះបានធ្វើឲ្យទ្រព្យសម្បតិ្តរបស់ស្ថាបនិកលោក Eric Yuan បានបាត់បង់ប្រមាណជា 3.1 ពាន់លានដុល្លារអាមេរិកពោលគឺធ្លាក់មកនៅត្រឹមតែ 17.9 ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 1 ខែធ្នូវេលាម៉ោង 4 រសៀល។
គួរឲ្យដឹងដែរថា Zoom បានរាយការណ៍ប្រាក់ចំណូលប្រមាណជា 777.2 លានដុល្លារនៅក្នុងត្រីមាសទី 3 ដែលគិតត្រឹមថ្ងៃទី 31 ខែតុលាហើយអត្រានេះគឺមានការកើនឡើងប្រមាណជា 367 ភាគរយប្រៀបធៀបទៅនឹងឆ្នាំមុនខណៈដែលហ៊ុននីមួយៗបានទទួលផលចំនេញដល់ទៅ 66 សេនក្នុងមួយហ៊ុន។
ក្រោយលទ្ធផលធ្លាក់ចុះកាលពីថ្ងៃអង្គារនោះមកវាបានធ្វើឲ្យអ្នកវិនិយោគទាំងឡាយទៅលើភាគហ៊ុនរបស់ Zoom បានបង្ហាញក្តីអាក់អន់ចិត្តយ៉ាងខ្លាំងពីព្រោះថាកន្លងមក Zoom ធ្លាប់បានទស្សទាយថាប្រាក់ចំណូលនឹងមិនអាចថមថយល្បឿននៅក្នុងត្រីមាសនេះនោះទេ។ ក្រុមហ៊ុនបានព្យាករណ៍ថាប្រាក់ចំណូល
នៅក្នុងត្រីមាសទី 4 នឹងមានការកើនឡើងប្រមាណជា 329 ភាគរយឬត្រូវជា 806 លានដុល្លារទៅ 811 លានដុល្លារ៕