គ.ជ.ប ថ្កោលទោស និងបំភ្លឺ៥ចំណុច
ភ្នំពេញ៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីបំភ្លឺចំពោះការចោទប្រកាន់របស់ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលថាតំណាងគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរសង្កាត់និរោធ បានឃុបឃិតគ្នាគំរាមកំហែងតំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រជុំសម្រេចបណ្តឹងជំទាស់លេខ ០០១ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្តឹងដោយលោក ស៊ិន ហ៊ី សុំប្តឹងឱ្យលុបឈ្មោះប្រជាពលរដ្ឋចំនួន ៩០ នាក់ចេញពីបញ្ជីបោះឆ្នោតដំបូង។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបង្ហាញសេចក្ដីបំភ្លឺ ៥ ចំណុចដូចខាងក្រោម៖
១៖ នៅក្នុងកិច្ចប្រជុំសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់និរោធ ពុំមានតំណាង គ.ជ.ប ឬមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំនោះទេ។
២៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យមិនបានស្វែងរកភស្តុតាងមកបង្ហាញដល់អង្គប្រជុំទេ តែបែរជាសុំថតរាល់ឯកសាររបស់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ពីក្រុមប្រឹក្សាប្រជុំសម្រេចវិញ។
៣៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ មិនបានអនុវត្តតាមបទបញ្ហាផ្ទៃក្នុងនៃអង្គប្រជុំ ដូចជាការហាមថត ឬអាត់សំឡេង ការប្រើប្រាស់ទូរសព្ទដៃជាដើម។
៤៖ ការចោទប្រកាន់លោក ឈុន ឃាង ថាជាតំណាង គ.ជ.ប គឺមិនពិតទេ។ សូមបញ្ជាក់ថា លោក ឈុន ឃាង ត្រូវបានបញ្ចប់កិច្ចសន្យាបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ ប៉ុន្តែលោក ឈុន ឃាង ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំសម្រេចនោះ។
៥៖ លោក ឈុន ឃាង មិនបានចូលរួមយោបល់ ឬបញ្ចេញមតិនៅក្នុងកិច្ចប្រជុំសម្រេចទេ ប៉ុន្តែលោក ឈុន ឃាង បានលើកឡើងអំពីបទបញ្ជាផ្ទៃក្នុងនៅក្រៅអង្គប្រជុំ ហើយក៏គ្មានសិទ្ធិបញ្ជាសមត្ថកិច្ចដែរ។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញយល់ឃើញថា ការចោទប្រកាន់របស់តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ គឺពុំត្រឹមត្រូវទេ ព្រោះថាក្រុមប្រឹក្សាសង្កាត់បានអនុវត្តតាមគោលការណ៍ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ថែមទាំងបានថ្កោលទោសចំពោះការថតបង្ហោះលើបណ្តាញសង្គមរបស់តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ ថាគឺជាការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ឯកជនភាព និងស្ថាប័នមានសមត្ថកិច្ច៕