ធ្វើយ៉ាងណាទើបឧស្សាហកម្មផលិតកម្មកែឆ្នៃអាចឈរជើងក្នុងទីផ្សារបច្ចុប្បន្នបាន?
ភ្នំពេញ ៖ បើទោះបីជា សេដ្ឋកិច្ចពិភពលោកកំពុងរងឥទ្ធិពល ដែលបានកើតឡើងដោយសារតែការរីករាលដាលនៃកូរុណាវីរុសយ៉ាងណាក្ដី បើយើងក្រឡេកទៅមើលទិន្នន័យការនាំចេញផលិតផលរបស់កម្ពុជា ការនាំចេញផលិតផលកសិកម្ម រួមជាមួយនឹងផលិតផលកែឆ្នៃសរុបមានចំនួន 5.8លានតោនទៅកាន់ទីផ្សារបរទេសនានាក្នុងរយៈពេល 9 ខែឆ្នាំនេះ គឺសម្រេចបានលទ្ធផលល្អ ទោះបីសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិដែលបណ្ដាលមកពីករណីនៃវីរុសកូវីដ-19 ក៏ដោយ។
ជាក់ស្តែងផលិតកម្មកែឆ្នៃរបស់លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលី លីលី លើការបញ្ជាទិញនំស្រួយ លីលី សម្រាប់ការនាំចេញ និងដឹកជញ្ជូនទៅទីផ្សារក្រៅប្រទេស សហគ្រាសលោកស្រីពុំមានបញ្ហាអ្វីនោះទេ តែទីផ្សារក្នុងប្រទេសមានបញ្ហាធ្លាក់ចុះច្រើនគួរសមដែរ នៅក្នុងស្ថានភាពកូវីដដែលកំពុងរាតត្បាតនៅទូទាំងពិភពលោកនេះ។
លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី( LY LY Food Industry Co., LTD) បានមានប្រសាសន៍ប្រាប់AMSថា៖« ការនាំចេញផលិតផលនំស្រួយ លីលី ទៅកាន់ទីផ្សារអន្តរជាតិបានចាប់ផ្តើមមានបញ្ហា កាលពីអំឡុងជំងឺកូវីដ-19 ផ្ទុះឡើងខ្លាំង ដោយមានការលំបាកតឹងតែង និងត្រួតពិនិត្យមានរយៈពេលយូរបន្ទាប់មកការនាំចេញបានដំណើរការជាធម្មតាវិញ តាំងពីចុងខែឧសភាឆ្នាំ2020មក។
លោកស្រីឧកញ៉ាថ្លែងថា ៖ «ជាធម្មតាក្នុងស្ថានភាពកូវីដ ក្រុមហ៊ុនជាច្រើនបានទទួលរងផលប៉ះពាល់ដូចគ្នា តែសម្រាប់សហគ្រាសនំស្រួយលីលីនៅតែរក្សាបានការនាំចេញធម្មតា ហើយតម្លៃក៏នៅរក្សាតម្លៃដដែល តែក្នុងទីផ្សារក្នុងស្រុកយើងមានការធ្លាក់ចុះដល់ទៅប្រហែល 40%។ ដោយសារមូលហេតុមកពីស្ថានភាពកូវីដមានការបិទសាលា និងបិទទីតាំងកំសាន្តមួយចំនួនធ្វើឱ្យមានការកាត់បន្ថយទីផ្សារលក់រាយ។
បើគិតទៅដល់កាលៈទេសៈបច្ចុប្បន្ន អតិថិជនពិបាករកចំណូល ដូច្នេះតើគេត្រូវទិញនំស្រួយលីលី ឬក៏ទិញអង្ករហូប? លោកស្រីឧកញ៉ា កែវ មុំ បានបញ្ជាក់ថា ៖«ដោយសារនំស្រួយលីលីជានំផលិតពីអង្ករល្អរបស់កម្ពុជាបើគេហូបនំរសជាតិអង្ករក៏ឆ្អែតដូចគ្នា ហើយទាំងក្មេងចាស់តែងចូលចិត្តនំស្រួយលីលី ហើយអតិថិជនក្រៅស្រុកភាគច្រើនគេទិញស្តុកទុកនៅផ្ទះសម្រាប់ធ្វើជាអាហារសម្រន់ទទួលទានដោយមិនចាំបាច់ចេញទៅខាងក្រៅ»។
លោកស្រីឧកញ៉ាបញ្ជាក់ថា ៖ «ទីផ្សារបរទេសមានការគាំទ្រនំស្រួយលីលីច្រើន ព្រោះផលិតផលយើងមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ ហើយវាត្រូវបានផលិតចេញពីអង្ករផ្ការំដួល។ គុណភាពផលិតផលរបស់យើងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ រោងចក្រផលិតនំស្រួយ លីលី ទាំង2 នេះមានសមត្ថភាពផលិតនំសរុប 6,000 តោនក្នុង1 ឆ្នាំ។ ផលិតផលប្រហែល 65% សម្រាប់លក់នៅទីផ្សារក្នុងស្រុក និង 35% សម្រាប់នាំចេញ។ ដូច្នេះសង្វាក់ផលិតកម្មរបស់សហគ្រាសនៅរក្សាបុគ្គលិកដដែល ពុំបានកាត់បន្ថយទេ ទោះបីមានផលព៉ះពាល់ពីកូវីដក៏ដោយ។
លោកស្រីឧកញ៉ាបានមានប្រសាសន៍ថា ៖«ជាមធ្យមក្នុង 1 ខែ ក្រុមហ៊ុននាំចេញនំប្រមាណ30 កុងតឺន័រ ទៅកាន់ទីផ្សារអន្តរជាតិដែលរួមមានប្រទេសអូស្ត្រាលី វៀតណាម ថៃ ចិន ភូមា អាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណស៊ី អ៊ីតាលី កាណាដា អាហ្វ្រិក និងនូវែលសេឡង់ ជាដើម យើងសង្ឃឹមថា ក្រោយចប់ជំងឺកូវីដ-19 នឹងអាចមានទីផ្សារថ្មីៗទៀត»។
បើតាមលោកស្រីឧកញ៉ា កែវ មុំបានបញ្ជាក់ដែរថា ៖«សហគ្រាសយើងមានការទទួលស្គាល់ថាមានបច្ចេកវិទ្យា ដែលមានស្តង់ដារ ទើបផលិតផលយើងអាចនាំចេញបាន។ម៉្យាងងទៀតដោសារក្រុម ហ៊នយើងមានជំហរ ច្បាស់លាស់ក្នុងការផលិត មានអនាម័យ គុណភាព និងមានស្តង់ដារ។ ដូច្នេះបើចំណីដែលមានគុណភាព អនាម័យ អ្នកប្រើប្រាស់នៅតែមានទំនុកចិត្ត និងមានជំនឿចិត្ត។ទោះជាយ៉ាងណាក៏នៅតែមានការគាំទ្រផលិតផលរបស់យើង ហើយឧស្សហកម្ម ផលិតចំណីអាហារ ត្រូវតែផលិតនូវផលិតផលដែលមានស្តង់ដារ អនាម័យ និងគុណភាពទើបអាចឈរជើងក្នុងទីផ្សារបច្ចុប្បន្នបាន»៕