តើការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពិតជាផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មមែន ឬទេ?

បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ៖បច្ចុប្បន្នការប្រមូលទិន្នន័យត្រូវបានមនុស្សភាគច្រើននិយាយថានឹងធ្វើឲ្យអាជីវកម្មមានភាពកាន់តែងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនព្រមទាំងដំណើរការសង្វាក់ផលិតកម្ម ឬសេវាកម្មប្រព្រឹត្តទៅបានយ៉ាងរលូន ប៉ុន្តែក៏នឹងអាចក្លាយទៅជាបញ្ហាដែរ ប្រសិនបើទិន្នន័យដែលអ្នកប្រមូលបានវាច្រើនជាងទំហំអាជីវកម្មរបស់អ្នកពេកដែលនឹងបែរជាបណ្តាឲ្យពិបាកក្នុងការធ្វើការដោះស្រាយវាទៅវិញ។

មានអ្នកជំនាញម្នាក់ខាងផ្នែកវិភាគទិន្នន័យមានឈ្មោះថា Bernard Marr ធ្លាប់បាននិយាយបែបនេះថា ៖ អាជីវកម្មធន់មធ្យមជាធម្មតាអាចបង្កើតទិន្នន័យបានតិចជាងទិន្នន័យដែលអាជីវកម្មខា្នតធំគួរតែមានប៉ុន្តែនេះមិនមែនមានន័យថាទិន្នន័យរបស់ក្រុមហ៊ុនធំនឹងមិនអាចប្រើប្រាស់បានជាមួយនឹងអាជីវកម្មខ្នាតមធ្យមឬតូចជាងនោះជាក់ស្តែងទិន្នន័យកាន់តែច្រើននោះនឹងធ្វើឲ្យអាជីវកម្មអាចធ្វើសកម្មភាពនិងការសម្រេចចិត្តបានកាន់តែលឿននិងប្រសិទ្ធភាពទៅវិញ។

រូបភាព ៖ លោក Bernard Marr អ្នកជំនាញផ្នែកវិភាគទិន្នន័យអាជីវកម្ម

នៅក្នុងការស្រាវជ្រាវមួយដោយវេបសាយ Deloitte និងចេញផ្សាយដោយ the Forbes កាលពីដើមឆ្នាំ 2020 ពីមនុស្សដែលបានចូលរួមសរុបក្នុងនោះប្រមាណជា 49 ភាគរយបាននិយាយថាការវិភាគទិន្នន័យពិតជាបានជួយពួកគេឲ្យអាចធ្វើការសម្រេចចិត្តដ៏ល្អប្រសើរខណៈដែល 16 ភាគរយនិយាយថាវាបានជួយឲ្យពួកគេអាចរៀបចំយុទ្ធសាស្ត្របានល្អជាងមុននិងប្រមាណជា 10 ភាគរយទៀតបានធ្វើឲ្យពួកគេមានទំនាក់ទំនងកានតែល្អជាមួយនឹងអតិថិជន។

ដូចនេះនៅពេលដែលអ្នកមានទិន្នន័យធំនៅក្នុងដៃអ្នកត្រូវតែប្រាកដថាអ្នកអាចចេះប្រើប្រាស់វាបានត្រឹមត្រូវនិងយល់ដឹងពីតម្លៃពីទិន្នន័យនីមួយៗនិងយកវាទៅប្រើប្រាស់ចំគោលបំណងដែលអ្នកចង់បាន។ខាងក្រោមនេះគឺជាអ្វីដែលទិន្នន័យទាំងឡាយដែលអ្នកមាននឹងអាចជួយដល់អាជីវកម្មរបស់អ្នកបាន៖

១.ទិន្នន័យជួយឲ្យអ្នកអាចយល់ដឹងពីអត្តចរិតអតិថិជនកាន់តែច្បាស់៖តើមានវិធីមួយណាដែលអ្នកអាចដឹងអំពីទំនោររបស់អតិថិជនភេទអាយុចំណង់ចំណូលចិត្តរបស់អតិថិជនជាងទិន្នន័យដែលប្រមូលបាន?ចំណុចទាំងនេះនឹងអាចធ្វើឲ្យមើលឃើញកាន់ច្បាស់ពីតម្រូវការរបស់អតិថិជន ដូចនេះការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម
នឹងក្លាយទៅជារឿងដ៏ងាយស្រួល។

២.ទិន្នន័យជួយឲ្យអ្នកបង្កើតការសម្រេចចិត្តដែលល្អប្រសើរ ៖រាល់ការសម្រេចចិត្តទាំងអស់ដែលអ្នកធ្វើគឺក្នុងគោលបំណងតែមួយគត់គឺទទួលបានការគាំទ្រពីអតិថិជន។ដូចនេះទិន្នន័យដែលអ្នកប្រមូលបានពីអតិថិជននឹងជួយឲ្យអ្នកមានភាពវ៉ៃឆ្លាតក្នុងការសម្រេចចិត្តដ៏ល្អមួយមិនឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ជាពិសេសមិនឲ្យប៉ះពាល់ដល់អតិថិជនរបស់ខ្លួនឡើយ។

៣.ទិន្នន័យជួយឲ្យអ្នកអាចកែប្រែសមត្ថភាពបំពេញការងារនៅក្នុងអាជីវកម្ម៖
ចំណុចនេះយើងអាចយកកីឡាបាល់ទាត់មកជាឧទាហរណ៍ដើម្បីងាយស្រួលយល់។ រាល់កីឡាករនីមួយៗត្រូវបានគេដកស្រង់សូម្បីតែចំងាយរត់របស់គេនៅក្នុងការប្រកួតនីមួយៗព្រមទាំងអត្រានៃការបោះបាល់ឲ្យគ្នាបានជោគជ័យការគ្រប់គ្រងបាល់បានប៉ុន្មានភាគរយនិងជាច្រើនទៀត។ទិន្នន័យដែលទទួលបាននឹងអាចធ្វើឲ្យគ្រូបង្វឹកយកទៅប្រើប្រាស់ដើម្បីពង្រឹងនិងកែលំអចំណុចខ្សោយរបស់ក្រុមសម្រាប់ការប្រកួតក្រោយ។

៤.ទិន្នន័យជួយឲ្យដំណើរការអាជីវកម្មកាន់តែរឹងម៉ាំឡើង៖អាជីវកម្មដែលដំណើរការរឹងម៉ាំ និងប្រសើរឡើងមានន័យថាសកម្មភាពដែលអត់ប្រយោជន៍ និងមិនចាំបាច់មួយចំនួនគឺត្រូវបានលប់ចោលឬផ្អាកជាបណ្តោះអាសន្នដោយផ្អែកទៅលើការស្រាវជ្រាវនិងទិន្នន័យដែលទទួលបាន។

៥.ទិន្នន័យជួយឲ្យអ្នកដោះស្រាយបញ្ហាមានប្រសិទ្ធភាពនិងលឿន៖តួលេខលក់ប្រចាំតួលេខដំណើរការអាជីវកម្មជារៀងរាល់ខែនឹងអាចធ្វើឲ្យអ្នកមើលឃើញបញ្ហាយ៉ាងច្បាស់និងពីមូលហេតុដែលត្រូវតែយកមកដោះស្រាយ។ ដូចនេះការដោះស្រាយដោយប្រើប្រាស់ទិន្នន័យគឺមានប្រសិទ្ធភាពជាងការដោះស្រាយបញ្ហាដោយការសន្និដ្ឋានដែលគ្មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner