សេដ្ឋីជប៉ុនរូបនេះចាប់យកយុទ្ធសាស្ត្រមួយកើបលុយរាប់ពាន់លានដុល្លារក្នុងសម័យកូវីដ

បរទេស ៖សប្តាហ៍នេះកំពូលបុរសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសជប៉ុន លោក Tadashi Yanai
ដែលជាមនុស្សនៅពីក្រោយយីហោម៉ូតសម្លៀកបំពាក់ដ៏ល្បី Uniqlo ត្រូវបានគេមើលឃើញថាបានកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលវាបានធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់ពេលនេះបានកើនឡើងទៅដល់ 41.6 ពាន់លានដុល្លារ។

The Forbes នៅថ្ងៃនេះបានសរសេរថា ទ្រព្យសម្បត្តិរបស់លោក Yanai បានហក់ឡើងជាបន្តបន្ទាប់ ហើយគិតចាប់តាំងតែពីខែមីនាមក ភាគហ៊ុនរបស់គាត់បានកើនឡើងដល់ទៅ 114 ភាគរយ ហើយត្រូវបានគេទទួលស្គាល់ថាជាអាជីវកម្មលក់រាយរឹងមាំជាងគេបំផុតខណៈដែលអាជីវកម្មដូចគ្នានៅទូទាំងពិភពលោកបានដួលរលំស្ទើរគ្រប់ទីកន្លែងបូករួមទាំងទំហំលក់នៅទូទាំងជាសកល។

សរុបមកវិញ លោក Yanai ដែលមានភាគហ៊ុនសរុបដល់ទៅ 47 ភាគរយនៃក្រុមហ៊ុន Uniqlo បច្ចុប្បន្នគឺជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំបំផុតទី 3 នៅលើពិភពលោកនោះបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានការកើនឡើងដល់ទ្វេដង។ នៅក្នុងតួលេខដែលធ្លាប់បានចេញផ្សាយដោយ the Forbes កន្លងមកបង្ហាញថា លោក Yanai គឺជាមហាសេដ្ឋីពាន់លានចំណាត់ថ្នាក់ទី 41 លើពិភពលោក និងធ្លាប់មានទ្រព្យប្រមាណតែជា 19.7 ពាន់លានដុល្លារប៉ុណ្ណោះ។

ក្រៅតែពីម៉ាកយីហោ Uniqlo នោះលោកក៏មានយីហោផ្សេងទៀតដូចជា Theory, Helmut Lang, J Brand និង GU ផងដែរ ហើយបើតាមការលើកឡើងដោយក្រុមអ្នកវិភាគសេដ្ឋកិច្ចល្បីៗនាពេលកន្លងមកបានជឿជាក់ថាយុទ្ធសាស្ត្រមួយគត់ដែលស្ថិតនៅពីក្រោយភាពជោគជ័យរបស់លោក Yanai នោះគឺថាលោកបានប្តូរ
យុទ្ធសាស្ត្រដ៏តួចមួយពីសម្លៀកបំពាក់ប្រចាំថ្ងៃទៅជាសម្លៀកបំពាក់ដែលសម្របខ្លួនទៅតាមមនុស្សជាច្រើនរយលាននាក់ដែលកំពុងធ្វើការងារនៅតាមផ្ទះដោយសារតែកូវិដ-19ជំនួសវិញ។

លោក Dairo Murata ដែលជាអ្នកវិភាគជាន់ខ្ពស់មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនបាននិយាយថា តួលេខការលក់ពិតជាល្អខ្លាំងណាស់សម្រាប់ Uniqlo ដោយសារតែការឌីសាញថ្មីៗគឺវាមានភាពសាកសមបំផុតសម្រាប់តម្រូវការអ្នកធ្វើការងារពីផ្ទះ Work from home ហើយលោកបានបន្តទៀតថាក្រុមហ៊ុនបានប្រើប្រាស់ពាក្យ LifeWear, Simple និង high quality everyday clothing សម្រាប់ជាអត្ថន័យក្នុងការធ្វើការផ្សព្វផ្សាយ។

មកដល់បច្ចុប្បន្នក្រុមហ៊ុនលក់រាយសម្លៀកបំពាក់យីហោនេះមានហាងតំណាងរបស់ខ្លួនប្រមាណជា 3600 កន្លែងមកហើយនៅទូទាំងពិភពលោក ដែលក្នុងនោះទីផ្សារចំនួន 26 ត្រូវបានវាយលុកនៅទីផ្សារអាស៊ី អាមេរិកខាងជើង និងអ៊ឺរ៉ុបជាដើម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner