ទោះបីម្តាយខ្ញុំជាស្រ្តីមេម៉ាយមានជីវភាពខ្វះខាត តែខ្ញុំពុំធ្លាប់បាក់ទឹកចិត្តបោះបង់ចោលក្តីស្រម៉ៃចង់ ក្លាយជាកីឡាករវាយកូនគោល ល្បីឈ្មោះឡើយ


កីឡាករវាយកូនគោល វ័យ១៦ឆ្នាំ រិន សុធារិទ្ធ ជាយុវជនថ្នាលបណ្តុះបណ្តាល ដោយសហព័ន្ធ កីឡាវាយកូនគោលកម្ពុជា បន្ទាប់ពីជាប់ជាជម្រើសជាតិថ្នាលហ្វឹកហាត់ត្រៀមចូលរួមការប្រជែង ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រមាណជាង២ឆ្នាំកន្លងមកនេះ សុធា រិទ្ធ បានបង្ហាញសមត្ថភាពលេចធ្លោជាងគេ ក្នុងចំណោមយុវជនថ្នាលរបស់សហព័ន្ធផ្សេងទៀត ។ ឆ្លងកាត់ការប្រកួតធ្វើតេស្តសមត្ថភាព ដោយសហព័ន្ធចំនួន៦លើក ជាមួយយុវជនជម្រើសជាតិថ្នាលជាច្រើននាក់ មកពីបណ្តាក្លិបកូនគោលផ្សេងៗ ក្នុងនោះមានទាំងយុវជនបរទេសផងនោះ សុធារិទ្ធ នៅតែបន្តដណ្តើមបានចំណាត់ថ្នាក់លេខ១ ចំនួន៣លើកជាប់ៗគ្នា ។ ក្នុងឆ្នាំ២០២០នេះ បានជម្រុញលើទឹកចិត្តឲ្យយុវជនវ័យក្មេងរូបនេះ កាន់តែខិតខំហ្វឹកហាត់ ដើម្បីឈានទៅសម្រេចក្តីស្រម៉ៃ នៅក្នុងអាជីពជា កីឡាករវាយកូនគោលល្បីឈ្មោះ នាពេលអនាគត ។


មុនវិវឌ្ឍសមត្ថភាពឈានមកដល់ការឈ្នះជើងឯក៣លើក ក្នុងឆ្នាំ២០២០ រិន ចាន់សុធារិទ្ធ បានរៀបរាប់ថា ខ្លួនទទួលបានឱកាសចូលហ្វឹកហាត់កីឡាវាយកូនគោល តាំងពីអាយុ៧ឆ្នាំ នៅទីលាន កីឡាវាយកូនគោលស៊ីធីហ្គោល នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសារតែម្តាយជាស្ត្រី មេម៉ាយបំរើរការងារនៅទីនោះ ។ សម្រាប់ការហ្វឹកហាត់នៅពេលនោះ រូបគេជាកុមារខ្វះខាត គឺទទួលបានការឧបត្ថម្ភជាសម្ភារៈ និងទីលានសម្រាប់ហ្វឹកហាត់ពីលោក ឈុន ចេតនា ម្ចាស់ទីលានកីឡាវាយ កូនគោល ស៊ី ធី ហ្គោល ។ ការខិតខំតស៊ូហ្វឹកហាត់ជាច្រើនឆ្នាំ ដោយមានការជម្រុញលើទឹកចិត្តពីម្តាយ សុធារិទ្ធ ទទួលបានឱកាសជាប់ជាកីឡាករវាយកូនគោលជម្រើសជាតិថ្នាល់របស់សហព័ន្ធ នៅអាយុ១៤ឆ្នាំ នៅក្នុងឆ្នាំ២០១៨ ។ សម្ភាសន៍ ….. កីឡាករ រិន ចាន់សុធារិទ្ធ………….។
កីឡាករ រិន ចាន់សុធារិទ្ធ បានបន្ថែមថា ទោះបីមានជីវភាពក្រីក្រជាងគេ ក្នុងចំណោមមិត្តរួមក្រុមជម្រើសជាតិថ្នាលទាំងអស់ ក៍ខ្លួនមិនដែលបាក់ទឹកចិត្ត និងរារែងចំពោះការហ្វឹកហាត់ដែរ ពេលចូលហ្វឹកហាត់ដំបូងក្នុងក្រុមជម្រើសជាតិថ្នាល ព្រោះ សុធារិទ្ធ មានម្តាយជាស្រ្តីម៉េដាយ ជាអ្នក ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តគ្រប់ពេលជានិច្ច ។


រិន ចាន់សុធារិទ្ធ អះអាងទៀតថា ការបោះជំហ៊ានចូលក្នុងអាជីពជាកីឡាវាយកូនគោល គេប្តេជ្ញាដណ្តើមមេដាយឲ្យបានជូនកម្ពុជា ពីឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ លើឆាកអន្តជាតិ ។ សម្ភាសន៍..កីឡាករ រិន ចាន់សុធារិទ្ធ ឃ្លីប ទី២ ….។
សូមបញ្ជាក់ថា កីឡាករវាយកូនគោលជម្រើសជាតិថ្នាល វ័យ១៦ឆ្នាំ រិន សុធារិទ្ធ ជាកូនពៅ ក្នុងគ្រួសារ ដែលមានម្តាយជាស្ត្រីមេម៉ាយបំរើការងារ នៅក្លិបកីឡាវាយកូនគោល បច្ចុប្បន្នកំពុងបន្តការសិក្សា ថ្នាក់ទី១០ នៅរាជធានីភ្នំពេញ ៕
