រដ្ឋមន្រ្តីសុខាភិបាលព័រទុយហ្កាល់និយាយថា នឹងចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ
ព័រទុយហ្គាល់៖ រដ្ឋាភិបាលព័រទុយហ្កាល់នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសអំពីផែនការចាក់វ៉ាក់សាំងការពារមនុស្សប្រឆាំងនឹងមេរោគឆ្លងដោយស័្មគ្រចិត្ត និងដោយឥតគិតថ្លៃ ហើយថា ខ្លួនសង្ឃឹមថា នឹងទទួលបានប្រជាជនចូលរួមជិត១០ភាគរយក្នុងដំណាក់កាលដំបូង ដែលនឹងចាប់ផ្តើមនៅខែក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។
អាទិភាពដំបូងនឹងត្រូវផ្តល់ដល់អ្នកដែលមានអាយុលើសពី៥០ឆ្នាំដែលមានជំងឺពីមុនស្រាប់ ដូចជាជំងឺសរសៃឈាមក្នុងបេះដូង ឬ ជំងឺសួត អ្នកជំនាញជួរមុខមកពីវិស័យនានា ក្នុងនោះរួមមានវិស័យសុខាភិបាល យោធា និងសន្តិសុខជាដើម ។
រដ្ឋមន្រ្តីសុខាភិបាលព័រទុយហ្កាល់លោកស្រី Marta Temido បញ្ជាក់ថា ប្រទេសរបស់លោកស្រីនឹងទិញវ៉ាក់សាំង Covid-19 ចំនួន២២លានដូស តម្លៃ២៤៣.១៤លានដុល្លារអាមេរិក លោកស្រីថា វាត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ជាទិញជាមួយក្រុមហ៊ុនផលិតឱសថធំៗមួយចំនួន មានដូចជា CureVac, Pfizer-BioNTech, Moderna, Johnson&Johnson, Sanofi និង GSK ៕


