ប្រេសិតពិសេសអង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សគ្រប់រូបនៅលើពិភពលោកត្រូវតែទទួលបានវ៉ាក់សាំង Covid-19 ដោយតម្លាភាព
អាមេរិក៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូនេះថា តម្លាភាពក្នុងការទទួលបានវ៉ាក់សាំង COVID-19, ថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្ត្រគួរតែត្រូវបានធានា ដើម្បីឆ្លើយតបជាសកល ចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ នេះបើតាមអ្នកនាំពាក្យដែលបានចូលរួមក្នុងសម័យប្រជុំពិសេស នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមលោក មូនា អាក្រាំ បាននិយាយថា យើងត្រូវតែធានាដំបូងគេថា វ៉ាក់សាំងប្រឆាំងវីរុសអាចនឹងចែកចាយទៅដល់ប្រជាជនគ្រប់រូប មិនថា អ្នកមាន ឬអ្នកក្រ ប្រុស ឬស្រី ឬក៏នៅទីកន្លែងណានោះទេ ដោយឈរលើគោលការណ៍តម្លាភាព ។
អង្គការសុខភាពពិភពលោក WHO និងអង្គការជាដៃគូជាច្រើនទៀតបានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងមួយឈ្មោះ កូវ៉ាក់ ដែលមានគោលដៅចែកចាយវ៉ាក់សាំង ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ដោយតម្លាភាព និងសមធម៌ ហើយមកទល់ពេលនេះ មានប្រទេសជាង១០០បានចូលរួម ៕


