អង់គ្លេសបាត់រូបិយបណ្ណជាលុយសុទ្ធតម្លៃ 50 ពាន់លានផោនមិនទាន់រកឃើញវិញនៅឡើយ
បរទេស៖នៅសប្តាហ៍នេះសមាជិកសភារបស់អង់គ្លេសជាច្រើនរូបបាននាំគ្នាធ្វើការលើកឡើងដូចគ្នាដើម្បីជំរុញឲ្យធនាគារជាតិក្នុងការព្យាយាមតាមដានស្វែងរកនូវក្រដាសលុយសុទ្ធប្រមាណជា 50 ពាន់លានផោនដែលបានបាត់កាលពីពេលកន្លងនោះមកវិញ។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមកលុយសុទ្ធដែលបានបាត់ទាំងនោះគឺមិនត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការណាមួយឡើយ ឬសូម្បីតែសម្រាប់កម្ចីតាមធនាគារ ប៉ុន្តែមានការសង្ស័យថាទំនងជាត្រូវបានយកទៅប្រើប្រាស់ដោយមិនបានរាយការណ៍ ឬស្ថិតនៅក្រោមសកម្មភាពសេដ្ឋកិច្ចដែលលាក់បាំង និងគេចវេសពន្ធជាដើម។
ប្រភពដដែលបានឲ្យដឹងដែរថា តាមពិតបញ្ហានេះត្រូវបានការិយាល័យសវនកម្មជាតិរបស់អង់គ្លេស ឬ NAO (National Audit Office) កំណត់រកឃើញតាំងតែពីខែកញ្ញាម្ល៉េះ ប៉ុន្តែមកដល់ពេលនេះខាងធនាគារនៅមិនទាន់អាចកំណត់បានមូលហេតុពិតប្រាកដនៃការបាត់បង់នេះនៅឡើយ។
ទោះបីជាយ៉ាងណាក្តីចក្រភពអង់គ្លេសគឺមិនមែនជាប្រទេសតែមួយនោះទេដែលបានជួបប្រទះទៅនឹងបញ្ហានេះក្នុងនោះក៏មានបណ្តាប្រទេសសេដ្ឋកិច្ចធំៗជាច្រើនផ្សេងទៀតលើសាកលលោកដែលទទួលរងបញ្ហាស្រដៀងគ្នា ឬធ្ងន់ធ្ងរជាងផង។
សមាជិកសភាដែលមកពីគណកម្មការទទួលបន្ទុកកិច្ចការងារគណនេយ្យសាធារណៈក៏បានអំពាវនាវឲ្យធនាគារជាតិក្នុងការដោះស្រាយបញ្ហាបាត់បង់រូបិយបណ្ណជាតិនេះឲ្យបានល្អប្រសើរជាងនេះផងដែរ ខណៈដែលអ្នកនាំពាក្យរបស់ធនាគារជាតិបានឆ្លើយតបវិញថា៖ប្រាកដណាស់វាគឺជាទំនួសខុសត្រូវរបស់ធនាគារជាតិដើម្បីតបតាមការទាមទាររបស់សាធារណៈជនទៅលើបញ្ហានេះ ហើយជារឿយៗយើងតែងតែបានឆ្លើយតបបានយ៉ាងត្រឹមត្រូវនឹងប្តេជ្ញាចិត្តធ្វើវាបន្តទៀតផងដែរ៕