អាជ្ញាធរជាតិអប្សរាបានចេញផ្សាយទស្សនាវដ្តីឈ្មោះថា «ព្រះនគរ»
អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ដែលអត្ថបទទាំងអស់កើតចេញពីការស្រាវស្រាវនៅក្នុងតំបន់ឧទ្យានអង្គរ។ ខ្លឹមសារនៃអត្ថបទទាំងអស់ ត្រូវអាជ្ញាធរអប្សរាបញ្ជាក់ថា ពុំស្ថិតនៅក្នុងប្រភេទសំណេរឃោសនាឡើយ ដោយគោលបំណងធំ គឺនិយាយពីអតីតរាជធានីយសោធរ ពោលគឺព្រះនគររបស់ខ្មែរតែប៉ុណ្ណោះ។ យោងតាមបុព្វបទសំណេររបស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទស្សនាវដ្ដី «ព្រះនគរ» Journal Of Angkor Studies ផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។ អត្ថបទទាំងអស់សរសេរដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។
រីឯប្រភេទប្រធានបទវិញក៏មានច្រើនបែបដូចជា អត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេសដូចជា ការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗនៃបច្ចេកវិទ្យាLiDAR ការសិក្សាពិនិត្យសមាសធាតុនៃថ្មដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរិទ្ធនៅព្រះរាជវាំងអង្គរធំ។
ជាមួយគ្នានោះ ក៏មានអត្ថបទបច្ចេកទេសដែរ ដែលទាក់ទងនឹងការថែទាំ ព្រមទាំងការជួសជុលដូចជា ការថែទាំចម្លាក់ថ្មភក់និងចម្លាក់បាយអរកុំឱ្យរិចរិលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅអង្គរ ការជួសជុលសំណង់ធ្វើពីឥដ្ឋ។ អត្ថបទខ្លះទៀតក៏បង្ហាញឱ្យអ្នកអានជ្រាបអំពីវត្ថុបុរាណច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅទីនានា ហើយយកមករៀបចំទុកដាក់កត់ត្រាចុះបញ្ជីសារពើភណ្ឌ។
អត្ថបទក្នុងពពួកនរវិទ្យាក៏មាននិយាយអំពីបុណ្យទាក់ទងនឹងស្រូវដែលអ្នកស្រុកប្រារព្ធនៅក្នុងបុរាណស្ថានជាទីសក្ការៈរបស់ពួកគាត់។ ឯក្នុងវិស័យធារាសាស្រ្តវិញមានការសិក្សាស្តីអំពីតំបន់អង្គរ និងទាក់ទងនឹងប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិអប្សរាបានបង្ហាញការសង្ឃឹមថា ទស្សនាវដ្តីនោះនឹងក្លាយជាប្រភពនៃចំណេះដឹងថ្មីៗបន្ថែមទៀតដល់កូនខ្មែរគ្រប់រូបដែលចង់សិក្សាពីអង្គរ។ ទស្សនាវដ្ដីព្រះនគរនោះ គេអាចរកបាននៅបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕