ប្រាសាទគុកអំពិលទ្វារ
ប្រាសាទគុកអំពិលទ្វារ មានទីតាំងស្ថិតនៅក្នុងទីធ្លាវត្តប្រាសាទមង្គល ភូមិស្លក្រាម ឬ ភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃ តាមបណ្ដោយផ្លូវជាតិលេខ ៦០ ចម្ងាយប្រមាណ ១៧ គ.ម. ខាងជើងផ្សារព្រៃទទឹង ។
ប្រាសាទនេះមាន៖
១. ប៉ម ៣ រាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋ សង់លើខឿនតែមួយ បែរមុខទៅកើត រត់ជួរជើង-ត្បូង ។ តួប៉មកណ្ដាល ធំជាងគេ មានទ្វារបញ្ឆោតធ្វើអំពីឥដ្ឋ នៅទិសសំខាន់ផ្សេងៗទៀត ។ នៅជុំវិញមានកំពែង ថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត ។
២. កំពែងថ្មបាយក្រៀម ។
៣. ខ្លោងទ្វារកំពែងពីខាងកើត ។
ប្រាង្គដែលនៅសល់ មានចម្លាក់ផ្ដែរ ដែលនៅល្អស្អាត ជារូបមនុស្សជិះដំរី (ប្រហែលជាព្រះឥន្ទ) ដែលជួយឲ្យយើងអាចសន្និដ្ឋានបានថា ប្រាសាទនេះ ត្រូវបានកសាងក្នុង រចនាប័ទ្ម កោះកេរ្តិ៍ ។