ប្រមុខអង្គការ WHO អំពាវនាវអោយគ្រប់គ្នារក្សាវិធានការការពារខ្លួន បើទោះបីជាវ៉ាក់សាំង Covid-19 ផលិតជិតបានសម្រេច
ស្វីស៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា អង្គការសុខភាពពិភពលោក WHO ព្រមានដល់រដ្ឋាភិបាល និងប្រជាជនទាំងអស់ មិនត្រូវបោះបង់ចោលវិធានការការពារខ្លួនពីជំងឺ COVID-19 ព្រោះតែឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះជិតសម្រេចបានជោគជ័យនោះឡើយ ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានបញ្ជាក់ថាដំណើរការទៅលើវ៉ាក់សាំងនានាបានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺនៅខាងចុងនៃផ្លូវដ៏ងងឹត ។ លោកបានសង្កត់ធ្ងន់ថា យ៉ាងណាមិញ អង្គការ WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ ។
សូមជម្រាបថា ការព្រមានបែបនេះរបស់ WHO ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិកសហការជាមួយអាល្លឺម៉ង់គឺ ភីហ្វីហ្សឺ និង បាយអូអិនធិច នៅក្នុងករណីបន្ទាន់ ៕


