កំណើន និងមានតម្រូវការ ជំរុញឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាមានភាពល្អប្រសើរ

ក្នុងរយៈពេល11ខែដើមឆ្នាំ2020នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្រៅពីអង្ករមានចំនួន 5,057,181.54តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ។

នៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រៅពីអង្ករ បរិមាណដំឡូងមីដែលកម្ពុជានាំចេញទៅក្រៅប្រទេសនៅក្នុងរយៈពេល11 ខែ ឆ្នាំ2020 គឺមានចំនួន រហូតដល់ទៅ 1,312,913.30តោន គឺមានកំណើន8.26% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ2019 កន្លងទៅ ។

ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ AMSថា៖ « មូលហេតុដែលនាំឱ្យមានការកើនឡើងនូវទិន្នន័យផលិតផលកសិកម្ម គឺមកពីតម្រូវការពីខាងក្រៅប្រទេស នៅតែមានត្បិតតែក្នុងស្ថានភាពកូវីដមែន តែមនុស្សយើងនៅតែត្រូវការហូប។ ដូច្នេះអង្ករ និងផលិតផលកសិកម្មមួយចំនួន ក៏មានតម្រូវការ នៅអឺរ៉ុបនិងប្រទេសចិនជាដើម នៅតែមានតម្រូវការជាធម្មតា និងមានតម្រូវការកាន់តែច្រើនទៀតផង។គាត់មានតម្រូវការដោយគាត់បានស្គាល់ថាអង្ករយើងឆ្ងាញ់ ធ្វើឱ្យផលិតផលរបស់យើងដំណើរការតម្រូវការទីផ្សារ និងតម្រូវការនៃការផ្គត់ផ្គង់នៅដដែល»។

រូបភាព ៖ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តមបានបន្តថា ថ្វីត្បិតតែជួបប្រទះនឹងគ្រោះទឹកជំនន់ តែយើងធ្វើបាននិងមានកំណើនច្រើនផងដែរ បើមិនមានគ្រោះទឹកជំនន់ វាកើនខ្លាំងដែរ អាចខ្ពស់ជាងតួលេខ ដែលបញ្ជាក់ក្នុងទិន្នន័យខាងលើផង។ កំណើននេះ ខ្ញុំយល់ថាអាចនឹងបន្តទៀតបាន ព្រោះនិយាយពីកំណើនទិន្នផលច្រើន គឺវាមានការពាក់ព័ន្ធ ពីកំណើនទិន្នផលដែលកើនពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះកំណើនទិន្នផលមានការទាក់ទងទៅនឹងកំណើនដីផលិតកម្ម កាលណាមានកំណើនផលិតកម្មនោះ យើងមានទីផ្សារស្រូបយកផលិតកម្ម យើងធ្វើសេដ្ឋកិច្ចនឹងមានដំណើរការល្អ។

តើចំណុចសំខាន់អ្វីដែលអាចរក្សាកំណើននេះ និងឱ្យវាបន្តទៅទៀតបាន?ចំណុចនេះគឺវាទាក់ទងទៅនឹងលក្ខណៈបច្ចេកទេសខ្លះ។ នេះបើតាមឯកឧត្តមស្រី វុឌ្ឍីបានបញ្ជាក់។

ឯកឧត្តមបានបញ្ជាក់ថា ៖ទី1-យើងនៅរក្សាការជំរុញធ្វើម៉េចឱ្យបច្ចេកវិទ្យាកសិកម្ម បានរុញទៅដល់ សហគមន៍អ្នកផលិតភ្ជាប់ជាមួយនឹងកិច្ចសន្យា ដោយយើងឱ្យកសិករក្រុមអ្នកផលិតចងជាបណ្ដុំ។ ទី2-បណ្ដុំអាជីវកម្មទីក្រុមតូចដែលជាកម្លាំងចរចាតម្លៃផង និងធានានូវការផ្គត់ផ្គង់ផង។ ពីមុនយើងរុញ នយោបាយនេះទៅដល់សហគមន៍គឺចង់គាត់ឱ្យនៅជាក្រុមៗ កុំឱ្យនៅដាច់តែឯងវានាំឱ្យពិបាកផ្ដល់បច្ចេកទេស និងឥណទានសម្រាប់ពួកគាត់។ 3-ភា្ជប់កិច្ចសន្យាកសិកម្ម ដែលធានាទីផ្សារ និងការលក់ផលិតផលរបស់គាត់ថាបណ្ដុំកសិករមួយណាអាចភ្ជាប់ទៅទីផ្សារណាបានជាប់ខេត្ត ឬឃុំណា ដូចជាផ្សារអ៊ីអនក៏មានបណ្ដុំកសិករយើងបានដាក់លក់ផលិតផលកសិកម្មរបស់គាត់ដែរ។តែអ្នកបញ្ជាទិញ គេនៅតែចុះមើលផ្ទាល់ និងដំណើរការផលិតកម្មដែលយើងបានបង្ហាញ និងកំពុងជំរុញគាត់នោះ។

ចំណុចទាំងអស់នេះវាពិតជាមាននូវកត្តាប្រឈមនឹងការគំរាមកំហែងទៅដល់វិស័យទាំងមូលហើយអ្វីជាការគំរាមកំហែង ក្នុងការងារវិស័យកសិកម្ម ដែលយើងពិបាកនឹងទប់ទល់នោះគឺ បើសត្វល្អិតចង្រៃ ដែលកើតមានឡើងភ្លាមៗនោះយើងមិនអាចទប់ឈ្នះទេ ។ គ្រោះទឹកជំនន់ដែលជន់លិចភ្លាមៗដែលទើបនឹងកន្លងផុតទៅថ្មីនេះ ក៏យើងទប់មិនបានដែរ ដែលជាទាំងអស់នេះដែលជាហានិភ័យពីខាងក្រៅ ដែលយើងមើលមិនឃើញ និងពិបាកនឹងចាត់វិធានការ ភ្លាមៗបាន។ តែបើកន្លែងសហគមន៍ដែលនៅជាប់ប្រភពទឹក អាងស្តុកទឹក មិនពិបាកទេ។ ពិបាកតែកសិករនៅឆ្ងាយពីប្រភពទឹកតែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអគ្គលេខាធិការក្រសួងកសិកម្ម។

ឯកឧត្តម ស្រី វុឌ្ឍី បានមានប្រសាសន៍ដែរថា ៖«បច្ចុប្បន្នយើងមានភាពងាយស្រួលដោយសារគាត់បានចូលជាបណ្ដុំ ចងក្រជាសហគមន៍ច្រើន ហើយយើងបានប្រើតិចណូឡូជីតាមរយៈ application ដល់គាត់ ឱ្យចូលទៅរកព័ត៌មានថ្មីៗ បច្ចេកវិទ្យាស្ដីពីការធ្វើកសិកម្មតាមរយៈស្មាតហ្វូនដែលគាត់មានប្រើប្រាស់ស្ទើរគ្រប់គ្នាអស់ហើយ ព្រោះពីមុនយើងអញ្ជើញគាត់មករៀន ដើម្បីផ្ដល់ចំណេះដឹង ផ្នែកកសិកម្មនេះតែឥឡូវយើងប្រើបច្ចេកវិទ្យាស្មាតហ្វូននេះ យើងអាចផ្ដល់ព័ត៌មាន និងចែកវិទ្យាថ្មីៗសម្រាប់គាត់ក្នុងវិស័យកសិកម្មបាន»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner