រដ្ឋបាលខណ្ឌចំការមន ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង១០ចំណុច ដែលបានដាក់ចេញ កាលពីពេលកន្លងមក ជាពិសេស អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆកាមកនោះ គេឃើញរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បាន បើកយុទ្ធនាការផ្សព្វផ្សាយយ៉ាងគគ្រឹកគ្រេង ។

អនុវត្តន៍តាមបទបញ្ជា និង អនុសាសន៍ខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានប្រុងប្រៀបរៀបចំចាត់ចែងកម្លាំងតាំងពីព្រឹកព្រលឹម ហើយបានបើកយុទ្ធនាការបន្តផ្សព្វផ្សាយអំពីវិធាននានារបស់ក្រសួងសុខាភិបាល និងបទបញ្ជាទាំង១០ចំណុច របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលចូលសហគមន៍ជាច្រើននៅភ្នំពេញ។

មុនពេលចេញក្បួនយុទ្ធនាការផ្សព្វផ្សាយនេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានក្រើនរំលឹកដល់មន្រ្តីរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច រក្សាគម្លាតសង្គមយ៉ាងតិច ១.៥ម៉ែត្រ ហើយធ្វើនាំគ្នា ធ្វើប្រតិបត្តិការណ៍ឱ្យបានគ្រប់ច្រកល្ហកនៅក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន ។

បន្ថែមពីនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋស្វែងយល់ នូវព័ត៌មានទាក់ទិនវិធានការណ៍ការពារ ទប់ស្កាត់ជំងឺផ្លូវដង្ហើមមួយនេះឱ្យបានល្អិតល្អន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងរួមគ្នាឆ្លងឱ្យផុតពីគ្រាដ៏អាសន្នមួយនេះ។

ទោះយ៉ាងណា លោកអភិបាលខណ្ឌ បានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ នឹងបន្តធ្វើជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន រហូតទទួលបានការណែនាំជាថ្មី ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្រោយពេលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធូស្រាលឡើងវិញ ។

សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញពីកម្លាំងចលករដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដាស់រំលឹកដល់ប្រជាពលរដ្ឋ កុំភ្លេចស្មារតីឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារខ្លួន ការពារគ្រួសារ សហគមន៍ និងប្រទេសជាតិ ក្នុងគ្រាកំពុងជួបនូវជំងឺរាត្បាតដ៏កាចសាហាវមួយនេះ នៅក្នុងសហគមន៍ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner