លទ្ធផលការប្រឡងឌីប្លូមនៅគ្រប់សាលាប្រកាសក្នុងថ្ងៃទី៧ធ្នូ្នឆ្នាំ២០២០នេះ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមបានធ្វើឡើងនាថ្ងៃទី៧ខែធ្នូឆ្នាំ២០២០នេះហើយប៉ុន្តែលទ្ធផលរួមនៃការប្រឡងក្រសួងអប់រំបានកំណត់ឱ្យតាមសាលាទាំងអស់នឹងផ្ញើរជូនក្រសួងអប់រំនៅត្រឹមថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ខាងមុខ។នេះបើតាមការឱ្យដឹងពី ឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន  និង កីឡា។

          ថ្លែងប្រាប់AMS នារសៀលថ្ងៃទី៧ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្តម រស់សុវាចាមន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា “ការចេញលទ្ធផលប្រឡងឌីប្លូមមិនមានទម្រង់ដូចការចេញលទ្ធផលបាក់ឌុបទេក្នុងនេះមានន័យថាបាក់ឌុបយើងចេញក្នុងពេលតែមួយហើយក្រសួងមានលទ្ធផលរួមក្នុងថ្ងៃតែមួយប៉ុន្តែដោយឡែកការចេញលទ្ធផលឌីប្លូមគឺធ្វើឡើងនៅថ្ងៃទី៧ធ្នូ នៅគ្រប់កម្រិតសាលារៀនទាំងអស់នឹងចេញលទ្ធផលជូនសិស្សដែលដែលបានប្រឡងហ្នឹង ប៉ុន្តែក្រសួងមិនទាន់មានលទ្ធផលក្នុងថ្ងៃ៧ធ្នូនេះទេហើយក្រសួងបានធ្វើការណែនាំឱ្យសាលាទាំងអស់ផ្ញើរលទ្ធផលមកក្រសួងត្រឹមថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០”។

         បើតាមឯកឧត្តមរស់សុវាចាបានឱ្យដឹងបន្ថែមថា“គឺក្នុងន័យនេះគឺដោយសារតែការប្រឡងឌីប្លូមយើងរៀបចំឡើងគ្រប់តំណាក់កាលនៃការប្រឡងដោយធ្វើឡើងក្នុងកម្រិតនៃគ្រឹះស្ថានសាលារៀនផ្ទាល់ អញ្ចឹងឥតមានទម្រង់ដូចបាក់ឌុបទេដែលជាការប្រឡងថ្នាក់ជាតិទេ”។

 ​​គួរបញ្ជាក់ថាបើតាម ឯកឧត្តម រស់ សុវាចា បានឱ្យដឹងនាកន្លងមកថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមកាលពីថ្ងៃ៣០ វិច្ឆិកា ដល់ ថ្ងៃ០១ ធ្នូ ២០២០ បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុកនៅទូទាំង២៥ខេត្ត-រាជធានី។

ឯកឧត្តមថាការប្រឡង ឌីប្លូម កន្លងមកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មេប្រយោគ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។បេក្ខជនអវត្តមានមួយចំនួនតូច ដោយមូលហេតុបុគ្គល។គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។

មន្រ្តីនាំពាក្យក្រសួងអប់រំរូបនេះបានឱ្យដឹងបន្ថែមថា៖ ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួនជាង ១៥០០០០នាក់ ក្នុងនេះមានបេក្ខនារី ៨ម៉ឺននាក់ និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner