ធ្លាប់យកចិត្តតួសម្តែងដាក់ក្នុងចិត្តខ្លួនឯងអត់? ពួកគាត់ភាគច្រើនចង់ឲ្យអ្នកធ្វើបែបនេះ…
មិនប្រាកដថាត្រូវ១០០% ទេ តែខាងក្រោមនេះអាចជាគំនិត ក៏ដូចជាទង្វើល្អខ្លះៗ ដែលយើងគួរតែធ្វើ ដើម្បីសម្តែងចេញនូវការគាំទ្រក្នុងរូបភាពដ៏ល្អជូនដល់តារានៅក្នុងចិត្តរបស់យើង…
ស្រលាញ់គាំទ្រពួកគាត់ជាពួកគាត់កុំព្យាយាមស្រមៃគិតចង់ឲ្យពួកគាត់ក្លាយជាមនុស្សក្នុងក្តីស្រមៃ ឬតាមក្តីប្រាថ្នារបស់អ្នកគ្រប់សព្វ ព្រោះពួកគាត់ម្នាក់ៗសុទ្ធតែមានភាពខ្លាំង និងលេចធ្លោ ក្នុងនាមជាពួកគាត់ ដែលមិនដូចនឹងអ្នកផ្សេង ហើយអាចនឹងមិនដូចការចង់បានរបស់អ្នក។

គោរពឯកជនភាពរបស់ពួកគាត់មិនមែនរឿងរ៉ាវគ្រប់យ៉ាង និងគ្រប់សកម្មភាពរបស់ពួកគាត់ត្រូវតែបើកបង្ហាញជូនដល់អ្នកគាំទ្រឡើយ។ នរណាៗក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ…
កុំខឹងស្អប់ពួកគាត់ ដោយសារតែតួអង្គដែលគាត់ត្រូវសម្តែងមានមិនតិចនាក់ទេ ដែលខឹងសម្បារក្នុងរឿងមិនអស់ចិត្ត នៅស្អប់ដល់ខាងក្រៅរឿងទៀត។ កុំព្រោះតែមើលរឿងចូលតួពេក ក៏ភ្លេចថា ហ្នឹងគ្រាន់តែជាតួអង្គក្នុងរឿងទេ រូបគាត់ពិតមិនមែនបែបហ្នឹងឯណា៎!
ទទួលយកកំហុស និងចំណុចខ្សោយរបស់ពួកគាត់ ដូចពេលអ្នកទទួលស្គាល់ភាពជោគជ័យរបស់ពួកគាត់
បើអាចអបអរ និងរីករាយជាមួយនឹងភាពជោគជ័យរបស់ពួកគាត់ អ្នកក៏គួរតែហ៊ានទទួលយកកំហុសដោយអចេតនារបស់ពួកគាត់ដែរ។ ពួកគាត់ក៏ជាមនុស្សដូចយើងដែរ ជួនកាល អាចនឹងមិនល្អឥតខ្ចោះដោយប្រការណាមួយដូចគ្នា។

លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ដដល់ពួកគាត់ ពេលមានបញ្ហាកុំចាំតែសើចចំអក ឬជាន់ពន្លិចពេលមានបញ្ហាអ្វីមួយកើតឡើង គួរតែផ្តល់នូវកម្លាំងចិត្តដល់ពួកគាត់ ឬយ៉ាងហោចណាស់ ធ្វើឲ្យពួកគាត់មានអារម្មណ៍ថា ពួកគាត់មិននៅម្នាក់ឯងឡើយ ពួកគាត់នៅមានអ្នក។
រិះគន់បែបស្ថាបនា ជំនួសការជេរប្រទេចនរណាៗក៏មានកំហុស ក៏មានការថ្លោះធ្លោយដែរ…ពេលដែលរឿងទាំងនោះកើតឡើង សូមចូលរួមធ្វើការរិះគន់បែបស្ថាបនា សូមកុំចាំតែជេរប្រមាថ ឬបណ្តុះបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះ។
វត្តមានរបស់យើងម្នាក់ៗក្នុងនាមជាអ្នកគាំទ្រ ពិតជាមានអត្ថន័យសម្រាប់ពួកគាត់ ហើយរាល់ទង្វើ និងសម្តីរបស់យើង ក៏មានឥទ្ធិពលខ្លាំងលើពួកគាត់ដែរ ហេតុនេះហើយ សង្ឃឹមថាអ្នកអាចជាចំណែកមួយនៃការលើកទឹកចិត្តដល់ពួកគាត់ក្នុងការបន្តដំណើរទៅមុខទៀតនៅលើវិស័យមួយនេះ…