មេរៀនជីវិតដែលយើងអាចរៀនពីរឿងភាគកូរ៉េ Start-Up
រឿងភាគកូរ៉េដ៏ល្បីនាចុងឆ្នាំ២០២០ ដែលមានចំណងជើងថា«Start-Up» បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកទស្សនានៅជុំវិញពិភពលោក ជាពិសេសក្នុងស្រទាប់យុវវ័យ ដែលមានចំណាប់អារម្មណ៍ចំពោះវិស័យអាជីវកម្មបង្កើតថ្មី។
ចំពោះអ្នកដែលធ្លាប់បានមើលរឿងនេះដែរ ប្រាកដជាបានដឹងហើយថា ទាំងសាច់រឿង ទាំងតួអង្គ និងពាក្យពេចន៍របស់តួអង្គនីមួយៗសុទ្ធតែមានអត្ថន័យ និងខ្លឹមសារបង្កប់យ៉ាងជ្រាលជ្រៅ។ ក្នុងនាមជាអ្នកមើលមួយរូប ខ្ញុំក៏បានរៀនសូត្រច្រើនផងដែរពីរឿងភាគមួយនេះ ដែលមេរៀនទាំងនោះរួមមានដូចខាងក្រោម…
នរណាក៏អាចមានក្តីស្រមៃបានដែរ
មិនថាមានវ័យប៉ុណ្ណា មានជីវភាពបែបណា មានបទពិសោធន៍កម្រិតណានោះទេ ម្នាក់ៗសុទ្ធតែអាចមានក្តីស្រមៃជារបស់ខ្លួនឯង គ្រាន់តែខ្លះធំ ខ្លះតូច ខ្លះមានរយៈពេលវែង ខ្លះក៏មានរយៈពេលខ្លី។
ត្រូវតែដើរតាមក្តីស្រមៃរបស់ខ្លួនឯង (Follow Your Dream)
ឃ្លាខ្លីដ៏ខ្លឹមមួយនេះ ត្រូវបានបង្ហាញនៅក្នុងរឿងជារឿយៗ ជាការដាស់តឿនដល់តួអង្គ ក៏ដូចជាអ្នកទស្សនាឲ្យផ្តោសំខាន់ទៅលើអ្វីដែលខ្លួនឯងប្រាថ្នា ដោយកុំបោះបង់ងាយៗ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។

កុំខ្លាចការដួល ឬភាពបរាជ័យ
ជាជាងការភ័យខ្លាចនឹងការដួល ឬបរាជ័យ ហើយលែងហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ឬចូលចិត្ត អ្នកគួរតែគិតអំពីវិធី ក៏ដូចជាដំណោះស្រាយល្អៗសម្រាប់ករណីដែលរឿងទាំងនោះកើតឡើងវិញ។
ជ្រើសរើសជម្រើស ដែលមិនធ្វើឲ្យខ្លួនឯងស្តាយក្រោយ
ក្នុងមួយជីវិតយើង មានការសម្រេចចិត្តជ្រើសរើសមិនតិចនោះទេ…មុននឹងសម្រេចម្តងៗ សូមធ្វើការពិចារណាឲ្យបានម៉ត់ចត់ ហើយក្រោយពេលសម្រេចហើយ ត្រូវហ៊ានប្រឈមនឹងលទ្ធផល។
មនុស្សដែលយើងជួប ប្រៀបដូចជាខ្យល់
អ្នកខ្លះ ពេលជួបដំបូងដូចខ្យល់រំភើយ ហើយក៏ក្លាយជាខ្យល់ព្យុះ តែអ្នកខ្លះទៀតវិញ ពេលជួបដំបូងៗ ដូចជាខ្យល់ព្យុះ តែក្រោយមកក៏ជាខ្យល់រំភើយ។ ចូរកុំទុកចិត្តមនុស្សទើបស្គាល់ងាយពេក ជាពិសេសក្រោយពេលបានជួប ឬឃើញលើកទីមួយ ត្រូវចំណាយពេលឲ្យបានច្រើនបន្តិចក្នុងការស្វែងយល់អំពីពួកគេ។

ត្រូវហ៊ានទទួលមតិរិះគន់បែបស្ថាបនា ដើម្បីការអភិវឌ្ឍ
បើមិនហ៊ានស្តាប់មតិរិះគន់ទេ អ្នកនឹងបាត់បង់ឱកាសក្នុងការស្តាប់ និងស្វែងយល់អំពីចំណុចខ្សោយ ក៏ដូចជាចំណុចខ្វះខាតរបស់អ្នក ព្រោះពេលខ្លះ អ្នកក្រៅមើលមកយើង ឃើញបានច្រើនជាងមើលលើខ្លួនឯង។
ការពិតខ្លះ អាចមិនពិរោះស្តាប់ តែក៏ល្អជាងការកុហក
ទោះបីជាមានបំណងល្អប៉ុណ្ណាក៏ដោយ ការនិយាយកុហកជាទង្វើមិនគួរធ្វើឡើយ ហើយយើងក៏គួរតែរៀនធ្វើចិត្តទទួលស្តាប់នូវរាល់ការពិតទាំងអស់ បើទោះជាវាពិបាកនឹងទទួលយកខ្លាំងយ៉ាងណាក៏ដោយ។

មនុស្សម្នាក់ៗមានកាលវិភាគរៀងៗខ្លួន
កុំប្រៀបធៀបជំហាន និងទីតាំងរបស់ខ្លួនឯងទៅនឹងអ្នកដទៃឲ្យសោះ ព្រោះយើងម្នាក់ៗមានចំណុចចាប់ផ្តើមមិនដូចគ្នានោះទេ។ អ្វីដែលសំខាន់ មិនមែនពេលដែលយើងឈរនៅកន្លែងដូចគេទេ តែជាពេលដែលយើងឈរនៅគោលដៅរបស់ខ្លួន។
ដើរចេញពីកន្លែង ឬមនុស្សមិនល្អ ជាការគួរណាស់
ជាមនុស្ស មិនមែនជាដើមឈើឡើយ…មិនចាំបាច់ចាំឲ្យគេមកលើក ឬគាស់ទើបអាចផ្លាស់ទីនោះទេ។ បើសិនជាអ្នកយល់ថា អ្នកកំពុងស្ថិតនៅកន្លែងដែលមិនត្រឹមត្រូវ ឬស័ក្តិសមនោះ សូមដើរចេញពីទីនោះ ហើយកុំខ្លាចក្នុងការចាប់ផ្តើមថ្មី…