តោះ! តាមដានបញ្ហា TikTok និងរដ្ឋាភិបាលអាមេរិកដំណើរការដល់ណាហើយ?
បរទេស៖ ព័ត៌មានចុងក្រោយស្តីអំពីបញ្ហា TikTok និងរដ្ឋាភិបាលអាមេរិកដែលត្រូវបានចេញផ្សាយដោយ CNN កាលពីចុងសប្តាហ៍កន្លងទៅបានបញ្ជាក់ហើយថាដំណើរនៃការចរចាគ្នាគឺនឹងនៅតែត្រូវបន្តធ្វើដដែលទោះបីជាកាលកំណត់សម្រាប់កម្មវិធីចិនមួយនេះបានផុតទៅហើយក្តីត្រឹមថ្ងៃទី 4 ខែធ្នូ។
ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសអាមេរិកនឹងមិនបន្តពេលវេលាកំណត់សម្រាប់ TikTok ឡើយលើសពីថ្ងៃទី4 ខែធ្នូដើម្បីឲ្យកម្មវិធីមួយនេះសម្រេចចិត្តលក់ក្រុមហ៊ុនទាំងអស់របស់ខ្លួនទៅឲ្យអាមេរិកដែលនេះមានន័យថាកិច្ចចរចាគ្នានឹងនៅតែត្រូវបន្តធ្វើបន្ថែមទៀតនាពេលខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុងក្រោយរបស់រតនាគារជាតិអាមេរិកបាននិយាយថា៖អាមេរិកនិងក្រុមហ៊ុនរដ្ឋចិន ByteDance ដែលត្រូវជាក្រុមហ៊ុនមេរបស់ TikTokបានបញ្ចប់ជំហានដ៏សំខាន់ជាច្រើនរួចមកហើយដើម្បីដោះស្រាយបញ្ហាបារម្ភរបស់អាមេរិកពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពនិងសន្តិសុខផ្នែកអុីនធឺណេតរបស់អាមេរិកដោយកម្មវិធី TikTok។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថារដ្ឋាភិបាលរបស់លោក Trump ក៏នឹងមិនមានបំណងបន្តដាក់ពិន័យឬការកំណត់សាជាថ្មីឡើយហើយកិច្ចពិភាក្សាប៉ុន្មានសប្តាហ៍ចុងក្រោយនេះទទួលបានដំណើរការល្អប៉ុន្តែនៅសេសសល់បញ្ហាមួយចំនួនតូចប៉ុណ្ណោះដែលត្រូវជួបគ្នាសាជាថ្មីដើម្បីដោះស្រាយ៕