អាជ្ញាធរនៃរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងបាត់ដំបងនៅតែបន្តអនុវត្តនូវវិធានណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខនៃរាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងនូវវិធានការទប់ស្កាត់ការឆ្លង និងការចម្លង មេរោគកូវីដ-19 ទៅក្នុងសហគមន៍

អត្ថបទដោយ៖
Kien Sereyvuth

   ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង រួមនិងអាជ្ញាធររដ្ឋបាលក្រុងបាត់ដំបង អមដំណើរដោយឯកឧត្តមជាអភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានចុះធ្វើការអប់រំណែនាំនិងបង្កើននូវការផ្សព្វផ្សាយពីការទប់ស្កាត់ ពីការឆ្លងនិងការចម្លងជំងឺកូវីដ-19និងបានចែកម៉ាស់នៅតាមផ្សារនានា។ជាពិសេស នៅផ្សារបឹងឈូក ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅវេលារសៀលថ្ងៃទី០៧ខែវិច្ឆិកា២០២០។

      តាមរយៈការចុះចែកម៉ាស់ និងការចុះអប់រំណែនាំធ្វើការផ្សព្វផ្សាយនូវវិធានក្នុងការរឹតបន្តឹងក្នុងការទប់ស្កាត់កុំឲ្យឆ្លងនិងការចម្លងមេរោគកូវីដ-19គឺ៖ជាវិធានក្មុងការឆ្លើយតប ទៅនិងការណែនាំពីក្រសួងសុខាភិបាល និងតបតាមការអំពាវនាវ របស់ រាជរដ្ឋាភិបាលកម្ពុជា។ ហើយខេត្តបាត់ដំបង ក៏ជាមុខសញ្ញាមួយ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា និងដើម្បីចូលរួមទប់ស្កាត់ កុំឲ្យរីករាលដាល់ នៃជំងឺដ៏កាច់សាហាវនេះ។

          ព្រមជាមួយគ្នានោះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានបង្កើននូវការអប់រំផ្សព្វផ្សាយ ក៏ដូចជា៖ ការចុះចែកម៉ាស់នៅតាមផ្សារក្នុងក្រុង និងទៅដល់អាជីវករដែលលក់ដូរក្នុងផ្សារនិងប្រជាពលរដ្ឋទូទៅមួយចំនួនផងដែរ ដើម្បីពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ។

     ជាមួយគ្នានេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-19នេះ និងកុំឲ្យមានការចម្លងរីករាលដាលកាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍។

        កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំ និងជំរុញទៅអាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំងអស់ក្នុងខេត្តត្រូវតែបង្កើននូវការអប់រំនិងធ្វើការផ្សព្វផ្សាយពីជំងឺនេះ ឲ្យជ្រួតជ្រាប និង មានការយល់ដឹង ទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ ដោយត្រូវធ្វើការណែនាំឲ្យពួកគាត់ “ពាក់ម៉ាស់”ឲ្យបានត្រឹមត្រូវ,ត្រូវលាងដៃនឹងសាប៊ូ,ជែល ឬ អាល់កុលឲ្យបានញឹកញាប់  រួមទាំងរក្សាគម្លាតសង្គមជាដើម។ក្នុងករណីមិនមានកិច្ចការអ្វីចាំបាច់ទេនោះ? ក៏មិនត្រូវបណ្ដែតបណ្ដោយឲ្យកូនចៅចេញពីផ្ទះរហេតរហូតនោះទេ ។

       បងប្អូនអាជីវករផ្សារបឹងឈូក បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា បើទោះបីពាក់ម៉ាស់ ក៏នៅតែមានការព្រួយបារម្ភពីហានិភ័យនៃការឆ្លងកូវីដ-19 ដែរ។ដោយសារតែបងប្អូនខ្លះគាត់ខ្វះការប្រុងប្រយ័ត្នដោយមិនព្រមពាក់ម៉ាស់។ ក្រុមអាជីវករ ដែលកំពុងលក់ដូរក្នុងផ្សារបឹងឈូក នៅក្នុងក្រុងបាត់ដំបង បានលើកឡើងទៀតថា៖ពួកគាត់បានយល់ដឹងច្រើនពីការទប់ស្កាត់ជំងឺកូវីដ-19 ថែមទាំងបានអនុវត្តជាប់ នូវ ការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែចាប់ពីផ្ទុះឡើងនូវព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកា ការលក់ដូរក្នុងផ្សាររបស់ពួកគាត់មានការធ្លាក់ចុះ ព្រោះមិនសូវមានអ្នកមកទិញឥវ៉ាន់ ដោយសារមានការព្រួយបារម្ភពីការឆ្លងជំងឺដ៏កាច់សាហាវនេះ ។

             សូមបញ្ជាក់ផងដែរថា៖ ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ ដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបង្ហាញឲ្យដឹងថា៖ ខេត្តបាត់ដំបង មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល មានចំនួន ៣១៨នាក់ ហើយត្រូវបានមកធ្វើតេស្តនិងបានយកវត្ថុសំណាក និង បានបញ្ជូនទៅកាន់មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញហើយជាលទ្ធផលរួមនិងជាបន្តបន្ទាប់គឺ៖អវិជ្ជមានទាំងអស់៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner