រថយន្តក្រឡុកស៊ីម៉ងត៍ មិនគោរពភ្លើងស្តុកបុកម៉ូតូអូសជាង១០ម៉ែត្រ កិនយុវជនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន កែអេងខនគ្រីត មិនគោរពភ្លើងស្តុក បានបើកបុកម៉ូតូអូសជាង១០ម៉ែត្រ កិនយុវជនម្នាក់ធ្លាយពោះស្លាប់ទាំងព្រឹក នៅចំណុចស្តុកចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវសម្តេចសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន វេលាម៉ោង៦នឹង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ សុផាត ពិសិដ្ឋ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូហុកដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-7799 ចំណែកអ្នកបើករថយន្តបង្ក មានឈ្មោះ ស ហម អាយុ៣៦ឆ្នាំ មានស្រុកកំណើតឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បើករថយន្តក្រឡុកស៊ីម៉ងត៍ពាក់ស្លាកលេខ 5A-3109 របស់ក្រុមហ៊ុន កែអេងខនគ្រីត ។
ប្រភពព័ត៌មានពីប៉ូលីសចរាចរណ៍ប្រចាំគោលដៅស្តុបចំការមនបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូបានជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ខណៈដល់ចំណុចកណ្តាលស្តុបចំការមន ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន កែអេងខនគ្រីត មិនគោរពភ្លើងស្តុបក្រហម បានបើកបន្ថែមល្បឿនពីកើតទៅលិចបុកម៉ូតូចំពីមុខពេញទំហឹង អូសប្រមាណជិត១០ម៉ែត្រ ទៅត្បូងកិនយុវជនរងគ្រោះចំពាក់កណ្តាលខ្លួន បណ្តាលឱ្យធ្លាយពោះវៀនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ បន្ទាប់មកតៃកុងរថយន្តក៏ត្រូវបានសមត្ថកិច្ចគោលដៅដែលកំពុងសម្រួលចរាចរណ៍ ឃាត់ខ្លួនបានភ្លាមៗយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ផងដែរ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែង និងយកសាកសពទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិ ចំណែកវត្ថុតាងទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ដោយ៖ ធី សម្បត្តិ