អង្គការសុខភាពពិភពលោក WHO ប្រឆាំងនឹងការចាក់វ៉ាក់សាំង Covid-19 តម្រូវដោយច្បាប់
ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះបញ្ជាក់ថា ការព្យាយាមពន្យល់អោយប្រជាជនយល់ដឹងអំពីគុណប្រយោជន៍នៃវ៉ាក់សាំង Covid-19 នឹងមានប្រសិទ្ធភាពឆ្ងាយជាងការព្យាយាមធ្វើអោយការចាក់វ៉ាក់សាំងនេះក្លាយជាអ្វីតម្រូវដោយច្បាប់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ប្រធាននាយកដ្ឋានវ៉ាក់សាំងរបស់អង្គការ WHO លោកស្រី កេត អូប្រាយអ៊ឹន បានប្រាប់ក្នុងសន្និសីទកាសែតមួយថា ខ្ញុំអត់គិតថា ការតំរូវដោយច្បាប់ ក្នុងការធ្វើដូច្នេះ ជាទិសដៅត្រូវអនុវត្តនៅទីនេះទេ… ជាការល្អ ត្រូវមានការលើកទឹកចិត្ត និងជួយសម្រួលអោយមានការប្រើវា ជាជាងការចាប់បង្ខំ ។
បន្ថែមលើនេះ អង្គការសុខភាពពិភពលោក WHO ក៏បានបញ្ជាក់ដែរថា វាជាការសំរេចចិត្ត និងការទទួលខុសត្រូវរបស់សាម៉ីប្រទេស ថាតើពួកគេនឹងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ដោយរបៀបណា ។ តែទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ នៅតែនិយាយថា ការតំរូវដោយច្បាប់ថា ត្រូវតែចាក់វ៉ាក់សាំង Covid-19 គឺជាផ្លូវដើរខុសឆ្គងមួយ ។ តួយ៉ាងកាលពីអតីតកាល ការចាប់បង្ខំអោយចាក់វ៉ាក់សាំងបាននាំមកនូវប្រតិកម្ម គឺការប្រឆាំងជំទាស់កាន់តែខ្លាំងឡើង ៕


