មជ្ឈមណ្ឌលវប្បធម៌ចិន ផ្តល់ម៉ាស់ ២មុឺន និងសម្ភារមួយចំនួន ជូនក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលអំណោយដ៏ថ្លៃថ្លាពីលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ ដែលរួមមានម៉ាស់ចំនួន ២មុឺន និងសម្ភារមួយចំនួន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ជាពិសេស បន្ទាប់ពីកើតមានព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។

អំណោយដ៏ថ្លៃថ្លានេះ ក្រសួងនឹងចែកជូនមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រើប្រាស់សម្រាប់កិច្ចប្រជុំនានា ហើយមួយចំណែកទៀត នឹងប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលមាន ឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ពិសេសនៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍។

កាយវិការមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយ រវាងកម្ពុជា-ចិន។ បន្ថែមលើនេះ ស្ថិតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ-១៩នេះ មិត្តចិនបានបង្ហាញឱ្យឃើញពីអត្ថន័យដ៏ជ្រាលជ្រៅ និងគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការជួយដល់កម្ពុជាលើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចឱ្យបាននូវ “សហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជា”។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ និងសហការីដែលបាននាំយកម៉ាស់ និងសម្ភារមួយចំនួនជូនក្រសួងទេសចរណ៍។ សម្ភារទាំងនេះ ពិតជាមានសារៈសំខាន់រួមចំណែកក្នុងការការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner