ចិន និងនេប៉ាល់ប្រកាសរួមគ្នាទទួលស្គាល់កំពស់ថ្មីរបស់ភ្នំអេវឺរ៉េស
បរទេស៖ទីបំផុតប្រទេសចិន និងប្រទេសនេប៉ាល់បានឈានទៅដល់ការទទួលស្គាល់រួមគ្នានូវកំពស់ជាផ្លូវការថ្មីរបស់ភ្នំអេវឺរ៉េសហើយកាលពីថ្ងៃអង្គារម្សិលមិញដើម្បីអាចបញ្ចប់ទៅភាពខុសគ្នាចំពោះបញ្ហានេះអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ។
កំពស់ថ្មីដែលត្រូវបានគេទទួលស្គាល់នោះគឺ 8,848.86 ម៉ែត្រពោលគឺខ្ពស់ជាងការវាស់វែងរបស់ភាគីនេប៉ាល់បន្តិច ប៉ុន្តែខ្ពស់ជាងកំពស់ដែលត្រូវបានវាស់វែងដោយចិនប្រមាណជា 4 ម៉ែត្រ។ពិធីទទួលស្គាល់រួមគ្នាធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីខាងនេប៉ាល់លោក Pradeep Gyawali នៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ។
គួរឲ្យដឹងដែរថា កំពស់ថ្មីរបស់ភ្នំអេវឺរ៉េសដែលស្ថិតនៅត្រង់ចំណុចព្រំដែននៃប្រទេសទាំងពីរនេះត្រូវបានព្រមព្រៀងគ្នាក្រោយពេលដែលក្រុមអ្នកស្រាវជ្រាវរបស់នេប៉ាល់បានធ្វើការវ៉ាស់វែងកាលពីឆ្នាំ2019 និងបន្ទាប់មកក្រុមការងាររបស់ចិនបានធ្វើការវាស់វែងឃើញកំពស់ដូចគ្នានៅក្នុងឆ្នាំ 2020 នេះ។
កំពស់ថ្មីនេះគឺធ្វើឲ្យអេវឺរ៉េសនៅតែរក្សាតំណែងជាភ្នំដែលមានកំពស់ខ្ពស់ជាងគេលើលោកដដែលពីព្រោះថាភ្នំ Mount K2 ដែលស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី 2 នោះគឺមានកំពស់ត្រឹមតែ 8,611 ម៉ែត្រប៉ុណ្ណោះ។
ជាទូទៅនៅផ្នែកជាច្រើននៃពិភពលោកដែលបានទទួលស្គាល់កំពស់របស់ភ្នំអេវឺរ៉េសនោះគឺធ្វើឡើងទៅតាមការវ៉ាស់វែងរបស់ប្រទេសឥណ្ឌាកាលពីឆ្នាំ 1954 គឺប្រមាណជា 8,848 ម៉ែត្រប៉ុន្តែមកដល់ឆ្នាំ 1999 ក្រុមការងារស្រាវជ្រាវភូមិសាស្ត្ររបស់នេប៉ាល់បានអះអាងថាភ្នំនេះមានកំពស់ដល់ទៅ 8.850 ម៉ែត្រខណៈដែលចិនកាលពីឆ្នាំ 2005 បានអះអាងថាក្រុមការងាររបស់ខ្លួនបានវាស់ឃើញត្រឹមតែកំពស់ 8,844.43 ម៉ែត្រ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រទេសទាំង2ហាក់ដូចជាមិនមានភាពត្រូវរ៉ូវគ្នាចំពោះបញ្ហាកំពស់របស់ភ្នំនេះឡើយរហូតមកដល់ឆ្នាំ 2019 កន្លងទៅទើបប្រធានាធិបតីចិន លោក Xi Jingping ដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់បានធ្វើការអំពាវនាវរួមគ្នាថានេប៉ាល់និងចិនគួរតែធ្វើការទទួលស្គាល់រួមគ្នាមួយចំពោះបញ្ហាកំពស់របស់អេវឺរ៉េស៕