កម្ពុជានឹងទទួលបានហិរញ្ញប្បទានប្រមាណ 85 លានដុល្លារអាមេរិក ដែលផ្ដល់ដោយប្រទេសអូស្ត្រាលី

ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានហិរញ្ញប្បទានប្រមាណ 85 លានដុល្លារអាមេរិកក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-19 នៅកម្ពុជា (Cambodia covid-19 Development Response Plan) ដែលផែនការនេះបានកំណត់អំពីការគាំទ្ររបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ការស្ដារកម្ពុជាតាមរយៈសសរស្តម្ភ 3 គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្ដាសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-អូស្ត្រាលី។

យោងសេចក្តីប្រកាសព័ត៌មានរួមកម្ពុជា -អូស្ត្រាលីបានប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-19 នៅកម្ពុជា (Cambodia covid-19 Development Response Plan) ។

ក្នុងស្មារតីភាពជាដៃគូរដ្ឋាភិបាលអូស្ត្រាលីដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ 2022 ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលីសម្រាប់ស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ-19 ។

ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖«រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង 3 ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ-19 ។ ចង្កោមសកម្មភាពទាំងនោះរួមមានការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពងាយស្រួល ក្នុងការទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យ ការលើកកម្ពស់យេនឌ័រ និងពិការភាពការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្ដូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋានដើម្បីឆ្លើយតបនឹងជំងឺកូវីដ-19 ។

ហិរញ្ញប្បទាននេះជាការផ្ដល់បន្ថែមលើហិរញ្ញប្បទានប្រមាណ 170 លានដុល្លារអាមេរិក ដែលឯកឧត្តមស្កុដ ម៉ូរីហ្សុន Skott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍ របស់បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប៉ុន្មាន 445 លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្ដល់សម្រាប់ការចែកចាយវ៉ាក់សាំងជំងឺកូវី-19 ក្នុងតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជំងឺ covid-19 និងការគាំទ្រការស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឆ្ពោះទៅកាន់ថានៈជាប្រទេសមានចំណូលមធ្យមប្រកប ដោយភាពធន់នឹងវិបត្តិ និងបរិយាប័ន្ន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា អូស្ត្រាលីគឺជាដៃគួរអភិវឌ្ឍន៍បុរេសកម្មមួយដែលបានចាត់វិធានការពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-19នេះ។ ផែនការនេះបានបញ្ជាក់ពីកិច្ចសហការដ៏សំខាន់ ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner