ការធ្វើតេស្តលើកទី២ ពុំមានថ្នាក់ដឹកនាំរដ្ឋសភា តំណាង​រាស្ត្រ និងអ្នកពាក់ព័ន្ធទាំងអស់ មានផ្ទុក​កូវីដ-១៩ទេ

អត្ថបទដោយ៖
ហេង វណ្ណា

MC:  នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ការធ្វើតេស្តលើកទី២ លើថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីរកជំងឺកូវីដ- ១៩ កាលពីម្សិលមិញបង្ហាញថា អវិជ្ជមានទាំងអស់។  សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភា, លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, អ្នកតំណាងរាស្ត្រ ក្នុងនោះមានទាំងឧបនាយករដ្ឋមន្រ្តីចំនួន២រូបផងដែរ គឺសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមន្រ្តីរដ្ឋសភា និងក្រុមគ្រួសារ ទាំងអ្នកពាក់ព័ន្ធផ្សេងទៀតដូចជាអង្គរក្ស គឺលទ្ធផលអវិជ្ជមានទាំងអស់។ 

ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ ឯកឧត្តម ឡូយ សុផាត បានប្រាស្រ័យទាក់ទងជាមួយឯកឧត្តម ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។ របាយការណរបស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ចំនួនវត្ថុសំណាកទទួលបានពីតាមបណ្តាខេត្ត និងរាជធានី សម្រាប់ការធ្វើតេស្តលើកទី២ ចំពោះព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»មានសរុបចំនួន៣,៤៦៧សំណាក ក្នុងនោះចំនួន៤នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ថ្មី។ ដោយឡែកនៅសល់វត្ថុសំណាកចំនួន៤,៩៩៤ សំណាកផ្សេងទៀត ត្រូវវិភាគបន្ត នៅថ្ងៃទី៩ ខែធ្នូ។

ចំនួនអ្នកមានជំងឺកូវីដ-១៩នៅកម្ពុជា បានកើនឡើងសរុប៣៥៤នាក់ ប៉ុន្តែក្នុងនោះបានព្យាបាលជាសះស្បើយឡើងវិញចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៤៧នាក់។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយដូចជា ត្រូវពាក់ម៉ាស់ជានិច្ច គួរជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់ បើទោះបីជារាជរដ្ឋាភិបាលប្រកាសត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ឱ្យពលរដ្ឋដោយឥតគិតថ្លៃ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner