កត្តាអ្វីខ្លះដែលធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាមិនថមថយទោះមានវិបត្តិ Covid-19 ក៏ដោយ ?
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-19មក វិស័យចិញ្ចឹមសត្វនៅកម្ពុជាពុំបានថមថយនោះឡើយ ផ្ទុយទៅវិញគឺមានតែកើនឡើង ស្របពេលនេះរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញបន្ថែមទៀត ដែលបានផ្ដល់ក្ដីសង្ឃឹមយ៉ាងធំធេងលើភាពជោគជ័យពីការចិញ្ចឹមសត្វនេះ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ AMSថា ៖ «ការកើនឡើងនេះ គឺកើនឡើងលើសទីផ្សារចំពោះត្រី និងមាន់ តែសម្រាប់ការចិញ្ចឹមជ្រូក មិនទាន់ដល់កម្រិតទីផ្សារទេ ប៉ុន្តែវាមានការកើនឡើងខ្លះដែរ។ ការកើនឡើងលើសទីផ្សារ ចំពោះត្រី និងមាន់គឺមួយចំណែកដោយសារតែការនាំចូលពីក្រៅស្រុកបន្ថែមធ្វើឱ្យកើនលើសតម្រូវការទីផ្សារ។ ចំពោះត្រី បើទីផ្សារពេញហើយអាចទុកបានយូរថ្ងៃ រីឯមាន់យើងរក្សាទុកបាន (ពុំទាន់ចាប់លក់) ហើយមាន់ចិញ្ចឹមត្រឹមតែ45ថ្ងៃ អាចចាប់លក់បាន។ ដូច្នេះបងប្អូនកសិករ ឬអាជីវករ ពេលមានកូវីដគាត់អត់ទៅណា អត់ធ្វើចំណាកស្រុក គាត់អាចចិញ្ចឹមបាន មាន់ទា ត្រីអណ្តែងជាដើម ព្រោះដើមទុនតិច»។

លោកបានបញ្ជាក់ថា ៖«ចំពោះការចិញ្ចឹមត្រីអណ្តែង ត្រីឆ្ពិន ឆ្តោរ ត្រីប្រា រដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម លុះពេលចិញ្ចឹម បានផលច្រើនពិបាកនឹងរកទីផ្សារឱ្យគាត់ទៅវិញ។ មួយផ្នែកទៀត ការកើនឡើងនេះក៏ដោយសារ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ50លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្ដល់ឥណទានការប្រាក់ទាបដល់វិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំដុះបន្លែជាដើម»។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចំនួនផលិតកម្មសត្វនៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងពេលមានជំងឺកូវីដរាតត្បាត។ គិតត្រឹមដើមខែធ្នូ ឆ្នាំ 2020 ផលិតកម្មសត្វរួមមាន មាន់ ទា គោ ក្របីបានបង្ហាញថា មានការកើនឡើង17.6% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2019 កើនឡើងពីចំនួន 42.02 លានក្បាល ដល់ 49.42 លានក្បាល ។ ឆ្នាំ2020 ផលិតកម្មសត្វរបស់ប្រទេសនេះមាននៅក្នុងកសិដ្ឋានចំនួន 1232 ទីតាំង ។ ក្នុងចំណោមនោះ មាន681 ទីតាំង ជាកសិដ្ឋានចិញ្ចឹមមាន់ ទា ( 13.135លាន ក្បាល) 547 ទីតាំងជាកសិដ្ឋានចិញ្ចឹមជ្រូក (1.33 លានក្បាល) និង 54 ទីតាំង ជាកសិដ្ឋានចិញ្ចឹម គោ (12.974 ក្បាល) ។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ AMSថាកំណើននៃផលិតកម្មចិញ្ចឹមសត្វ គឺមកពីការកាត់បន្ថយ នូវការនាំចូល។យើងកាត់បន្ថយក្រុមហ៊ុន នាំចូលជ្រូក និងក្រុមហ៊ុននាំចូលមាន់ក៏ដូចគ្នា។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានមានប្រសាសន៍ថា៖«យើងកាត់បន្ថយការនាំចូលជ្រូក និងក្រុមហ៊ុននាំចូលមាន់ គឺដើម្បីគ្រប់គ្រងតម្លៃទីផ្សារ ពេលដែលយើងសិក្សាពីតុល្យភាពរវាងការគ្រប់គ្រង និងការផ្គត់ផ្គង់ យើងនឹបានតម្លៃថេរ ឯកសិករយើងគាត់ចិញ្ចឹមបានកើនឡើងច្រើន។ ដូច្នេះដើម្បីរក្សាតម្លៃឱ្យនៅថេរ និងរក្សាកំណើន យើងត្រូវអនុវត្តវិធានការនេះបន្តទៀត»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ការកាត់បន្ថយក្រុមហ៊ុននាំចូលជ្រូក និងមាន់ គឺជាវិធានការមួយ ព្រោះបើយើងបើកឱ្យចូលសេរី នោះកសិករដែលជាអ្នកចិញ្ចឹមគាត់មិនអាចពង្រីកការចិញ្ចឹមបានទេ។ ដូច្នេះការកាត់បន្ថយការនាំចូលជារឿងដែលរាជរដ្ឋាភិបាលត្រូវធ្វើដើម្បីឱ្យតម្លៃថេរ ហើយប្រជាជនយើងគាត់ពង្រីកការចិញ្ចឹម មានការកើនឡើងថេរដែរ៕