អភិបាលខណ្ឌច្បារអំពៅ នាំថវិកាអភិបាលរាជធានីភ្នំពេញ ៤លានរៀលជូនមន្ត្រីនគរបាលម្នាក់កំពុងព្យាបាលជំងឺនៅផ្ទះ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បាននាំយកថវិកាចំនួន ៤.០០០.០០០រៀល របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
លោកអភិបាលបាលខណ្ឌច្បារអំពៅ បាននាំនូវការផ្តាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តម ឃួង ស្រង ត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមឱវាទគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ។ លោកបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង កន្លងមកតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងទាំងនគរបាល ក៏ដូចអាវុធហត្ថ និងប្រជាការពារ ក្នុងការទំនុកបម្រុងពេលជួបការលំបាក ពិសេសពេលមានជំងឺឈឺថ្កាត់ជាដើម។
លោកអនុសេនីយ៍ឯក រស់ ហ៊ន ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម។
លោក ចេង មុនីរ៉ា បានឲ្យដឹងថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារយកចេញពីមន្ទីរពេទ្យរដ្ឋមកសម្រាកនៅផ្ទះ និងកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅព្យាបាលនៅបរទេសបន្ត។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានជួយឧបត្ថម្ភជាថវិកា ចំនួន២លានរៀលថែមទៀតផងដែរ៕