បណ្តាប្រទេសក្រីក្រកម្ម៉ង់បានតែ 10 ភាគរយ តែប្រទេសអ្នកមានកម៉្មង់ដល់ទៅ 3 ដងនៃចំនួនពលរដ្ឋរបស់ខ្លួន

បរទេស៖យោងតាមការឃ្លាំមើលរបស់ក្រុមអ្នកតាមដានវ៉ាក់សាំងអន្តរជាតិនៅសប្តាហ៍នេះបានបង្ហាញថាមកដល់ពេលនេះវ៉ាក់សាំងកូវីដ19ដែលត្រូវបានបញ្ជាទិញដោយបណ្តាប្រទេសអ្នកមានគឺមានចំនួនគ្រប់គ្រាន់និងខ្លះលើសចំនួនពលរដ្ឋរបស់ខ្លួនដល់ទៅ 3 ដងទៀតផង។

ក្នុងតួលេខដែលត្រូវបានបង្ហាញដោយអង្គការសម្ព័ន្ធវ៉ាក់សាំងដើម្បីប្រជាជន ឬ People Vaccine Alliance បានបញ្ជាក់ដែរថាសម្រាប់បណ្តាប្រទេសក្រីក្រវិញវ៉ាក់សាំងដែលនឹងអាចប្រើប្រាស់នោះគឺមានត្រឹមតែ 10 ភាគរយប៉ុណ្ណោះនៃចំនួនពលរដ្ឋរបស់ពួកគេ ហើយចាំបាច់ត្រូវរង់ចាំរហូតដល់ទៅចុងឆ្នាំក្រោយផង។

បណ្តាប្រទេសមានសេដ្ឋកិច្ចខ្លាំងបានប្រញាប់ប្រញាល់តាំងតែពីសប្តាហ៍ ឬខែដំបូងនៃការរាតត្បាតក្នុងការធានាឲ្យមានចំនួនវ៉ាក់សាំងបានគ្រប់គ្រាន់ និងលើសចំនួនផង ហើយបើតាមការស្រាវជ្រាវគេអាចដឹងថានៅពេលនេះប្រទេសចំនួនតែ 14 ភាគរយប៉ុណ្ណោះរបស់ពិភពលោកគឺបានបញ្ជាទិញវ៉ាក់សាំងដល់ទៅជាងពាក់កណ្តាលនៃវ៉ាក់សាំងដែលបានសន្យាថាត្រូវយកមកជួយពិភពលោកទាំងមូលនោះរួចទៅហើយ។

អង្គការនេះកន្លងមកក៏ធ្លាប់បានធ្វើការអំពាវនាវផងដែរចំពោះក្រុមហ៊ុនផលិតវ៉ាក់សាំងដើម្បីចែករំលែកការងាររបស់ពួកគេជាមួយនឹងអង្គការសុខភាពពិភពលោក WHO ដើម្បីអាចអំពាវនាវឲ្យបណ្តារដ្ឋាភិបាលនៃបណ្តាប្រទេសអ្នកមានទាំងនោះក្នុងការប្តេជ្ញាចិត្តក្នុងជួយចែករំលែកវ៉ាក់សាំងទាំងនោះទៅប្រទេសក្រីក្រផងធ្វើយ៉ាងណាដើម្បីអាចឲ្យមានសេ្ថរភាពសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដដែលបានធ្វើឲ្យប្រទេសជាច្រើនរងការខូចខាតយ៉ាងខ្លាំង។

យោងតាមសម្តីរបស់លោកស្រី Anna Marriott ប្រធានផ្នែកគោលនយោបាយនៃអង្គការ Oxfam ដែលជាផ្នែកមួយនៃអង្គការ People Vaccine Alliance បាននិយាយថា៖គ្មានអ្នកណាម្នាក់មានសិទ្ធិក្នុងការរារាំង ឬបិទផ្លូវជួយសង្គ្រោះជីវិតមនុស្សទូទៅដោយសារតែមូលហេតុសម្រាប់តែប្រទេសរបស់ខ្លួនឯង ឬចំនួនលុយដ៏ច្រើនដែលខ្លួនមាននោះឡើយ។ បើមិនមានអ្វីផ្លាស់ប្តូរខុសពីបច្ចុប្បន្នទេនោះមនុស្សរាប់ពាន់លាននាក់នឹងមិនអាចទទួលបានវ៉ាក់សាំងដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពឡើយក្នុងរយៈពេលច្រើនឆ្នាំខាងមុខទៀត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner