អ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងព្យាយាមសម្រាលភាពភ័យខ្លាច ខណៈមនុស្សពីរនាក់មានប្រតិកម្មធ្ងន់ធ្ងរ ក្រោយចាក់វ៉ាក់សាំង Covid-19
អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានព្យាយាមសម្រាលភាពភ័យខ្លាចជាសាធារណៈអំពីវ៉ាក់សាំង Pfizer-BioNTech ដែលកំពុងត្រូវបានចាក់នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ក្រោយមានរបាយការណ៍ថា បុគ្គលិក NHS ពីរនាក់ទទួលរងប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ បន្ទាប់ពីការចាក់វ៉ាក់សាំងនៅថ្ងៃ V-Day ក្នុងថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មាន Daily Mail នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
បុគ្គលិកថែទាំសុខភាពដែលមិនបញ្ចេញឈ្មោះទាំងពីរនាក់ខាងលើនេះ ត្រូវការការព្យាបាលជាបន្ទាន់ ប៉ុន្តែបានជាសះស្បើយឡើងវិញ បន្ទាប់ពីពួកគេចេញរោគសញ្ញាភ្លាមៗ ក្រោយទទួលបានការចាក់វ៉ាក់សាំង ។ បើទោះបីជាមានប្រតិកម្មអាឡ័កស៊ីពីរករណីក៏ដោយ រដ្ឋាភិបាលអង់គ្លេសនៅតែបន្តចាក់វ៉ាក់សាំងមនុស្សពី៥ពាន់ទៅ៧ពាន់នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេសដោយប្រើថ្នាំរបស់ Pfizer ។
សូមជម្រាបថា ក្នុងរយៈពេល២៤ម៉ោងនៃកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រអង់គ្លេសនោះ និយតករថ្នាំពេទ្យអង់គ្លេសបានប្រាប់ថា អ្នកណាម្នាក់ដែលមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរទៅនឹងថ្នាំ ឬអាហារមិនគួរត្រូវបានទទួលវ៉ាក់សាំងទេ ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានអំពាវនាវអោយមានភាពស្ងប់ស្ងាត់ ស្របពេលមានការភ័យខ្លាចជាសាធារណៈអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយវ៉ាក់សាំងថ្មីនេះ ដែលវាបានគំរាមកំហែងដល់ការបង្អាក់កម្មវិធីចាក់ថ្នាំបង្ការដ៏ធំរបស់ NHS ៕


