នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអះអាងថា នឹងចាក់វ៉ាក់សាំង Covid-19 មុនគេ នៅពេលទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer
អ៊ីស្រាអែល៖ អ៊ីស្រាអែល នៅថ្ងៃពុធនេះ បានទទួលវ៉ាក់សាំង Covid-19 ក្រុមដំបូងមកពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ទីបញ្ចប់នៃវីរុសឆ្លងនេះកំពុងលេចឡើងលឹមៗ ហើយលោកអះអាងថា នឹងចាក់វាមុនគេ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបន្ថែមទៀតថា នេះជាការអបអរធំមួយសំរាប់អ៊ីស្រាអែល… ទីអវសាននៃមេរោគនេះ កំពុងលេចចេញជាពន្លឺហើយ… អ្វីដែលសំខាន់ចំពោះខ្ញុំ គឺថា ពលរដ្ឋអ៊ីស្រាអែលនឹងទទួលបានវ៉ាក់សាំង តែខ្ញុំចង់ធ្វើជាគំរូ ដោយចាក់វាមុនគេនៅក្នុងរដ្ឋអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ទំនិញដែលដឹកនាំតាមយន្តហោះមកកាន់អ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញ ជាផ្នែកមួយនៃវ៉ាក់សាំង៨លានដូសដែលអ៊ីស្រាអែលទិញពីក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer BioNTech ។ តាមពិតវ៉ាក់សាំង Pfizer នៅមិនទាន់ទទួលបានការយល់ព្រមអោយប្រើពីសំណាក់និយ័តករអ៊ីស្រាអែលនៅឡើយទេ តែលោក ណឺតាន់យ៉ាហ៊ូ បាននិយាយថា រូបលោកផ្ទាល់រំពឹងថា នឹងបានការអនុញ្ញាតអោយប្រើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ៕


