កាណាដាក្លាយជាប្រទេសទី៣ ដែលបើកភ្លើងខៀវអោយប្រើប្រាស់វ៉ាក់សាំងCovid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech
កាណាដា៖ និយតករសុខភាពកាណាដា នៅថ្ងៃពុធនេះ បានបើកភ្លើងខៀវអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ហើយ ខណៈការយល់ព្រមនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលចាប់ផ្តើមការចាក់វ៉ាក់សាំងនេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ បាននិយាយថា វ៉ាក់សាំង៣ម៉ឺនដូសនឹងត្រូវដឹកមកដល់កាណាដានៅសប្ដាហ៍ក្រោយ ហើយវ៉ាក់សាំងជាច្រើនទៀតនឹងមកដល់តាមក្រោយ ។ សរុបទៅ រដ្ឋាភិបាលកាណាដាបានទិញវ៉ាក់សាំងចំនួន២០លានដូស ដែលគ្របគ្រាន់ក្នុងការចាក់ដល់មនុស្សចំនួន១០លាននាក់ ហើយក៏កំពុងពិចារណាទិញ៥៦លានដូសបន្ថែមទៀតផងដែរ ។
សូមជម្រាបថា សម្រេចចិត្តខាងលើនេះ បានធ្វើអោយកាណាដាក្លាយជាប្រទេសទី៣ បន្ទាប់ពីអង់គ្លេស និងបារ៉ែន ដែលបានអនុញ្ញាតអោយប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer- BioNTech ៕


