ទីបំផុត ក្រសួងអប់រំបានកំណត់យកថ្ងៃទី១១ ខែមករាឆ្នាំ២០២១ជាកាលបរិច្ឆេទប្រឡងបាក់ឌុប

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រោយក្រសួងអប់រំ យុវជន និងកីឡាបាន ពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថា ប្រឡងបាក់ឌុបមកនោះ ពេលនេះក្រសួងបានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៩-២០២០វិញ។

ទោះបីយ៉ាងណាក្តីក្នុងការប្រឡងនេះដែរក្រសួងអប់រំបានប្រគល់សិទ្ធិ និងការទទួលខុសត្រូវ ឲ្យមន្ទីរអប់រំ និងសាលាជាអ្នករៀបចំការប្រឡង។

          បើយោងតាមលិខិតរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាដែលបានផ្ញើរជូនដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២០នេះបានបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ)តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។

ក្នុងលិខិតដដែលនេះបញ្ជាក់ថា ក្រសួងនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងអប់រំបានបញ្ជាក់បន្ថែមថា ក្រសួងសម្រេចកំណត់ សម័យប្រឡង ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះក្រសួងអប់រំក៏បានស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ព័ត៌មានត្រឡប់អំពីគ្រឹះស្ថានសិក្សាឯកជន ដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងមកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យ និងសម្រេច៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner