ក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា បាននាំយកថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩
ក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំ យកថវិកាមូលនិធិរ៉ៃអង្គាសពីសមាជិកក្រុមមហាគ្រួសារ OFF Road កម្ពុជា ចំនួន៤៣៥៥ ដុល្លារអា មេរិក យកទៅជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់ សាំងចាក់ជូនប្រជាជនការពារជំងឺកូវីដ-១៩ ។


លោក វង្ស គីមហួត ប្រធានក្រុម VKH Cross Country និងជាតំណាងក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា បានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ ឯ ឧ ទៀ សុខា និង លោក ញឹម សុវណ្ណារ៉ូ បានង្កើតមូលនិធិ រ៉ៃអង្គាសថវិកា ពីសមាជិកក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា បានចំនួន ៤៣៥៥ដុល្លារ ។




លោក វង្ស គីមហួត បានឲ្យដឹងទៀតថា មូលនិធិនេះ ទោះ បីមិនច្រើន ប៉ុន្តែវាបានកើតចេញទឹកចិត្តសប្បុរសធម៍ ចូលរួមចំណែកជួយដល់ការងារសង្គម ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំង ចាក់ជូនពលរដ្ឋការពារការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ។ ប្រធានក្រុម VKH Cross Country និងតំណាងក្រុមមហាគ្រួសារ OFF Road កម្ពុជារូបនេះ អះអាងទៀតថា ក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា គឺតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់សង្គមជានិច្ច ដូចជា គ្រោះទឹកជំនន់ ជួយដល់គ្រួសារក្រីក្រ នៅតាមតំបន់ដាច់ស្រយ៉ាល់ រួមនឹងសកម្មភាពជាច្រើនទៀត ក្នុងទឹកចិត្តមហាគ្រួសារខ្មែរ ក្រោមដំបូលសន្តិភាព ។


គួររំលឹកថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំងពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០២០ មានសមាជិកគ្រួសាររថយន្ត OFF ROAD កម្ពុជា ជាង២០០គ្រឿងហើយ គោលបំណង សំខាន់របស់ក្រុមគ្រួសារមហា OFF Road ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាព មនុស្សធម៌ជាចំណែកមួយជួយដល់កិច្ចការសង្គម ជាពិសេសនោះជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD អោយកាន់តែផុសផុលបន្ថែមទៀត នៅកម្ពុជាផងដែរ
