រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសផ្អាកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន ចេញ លិខិតជាផ្លូវការមួយ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីផ្អាកជាផ្លូវការនៃការប្រកួតកីឡា សិស្ស បឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើនាថ្ងៃទី១៥ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។


រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំងអស់ថា ការផ្អាកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ គឺអាស្រ័យដោយការចំាបាច់ របស់ក្រសួង ក្នុងការចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលពេលវេលា ក្នុងការទប់ស្តាត់ការរីក រាល ដាល នៃជំងឺកូវីដ-១៩ ជាពិសេសក្នុងការព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឆ្នាំ២០២០ ។ ដូច្នេះ ឯ ឧ រដ្ឋមន្ត្រី បានសម្រេចផ្អាកជាផ្លូវការ នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ ។

សូមរំឭកថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះត្រូវបានពន្យាពេលតាំងពីដើមឆ្នាំ២០២០មកម្លេះ ដោយសារស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ មិនអំណោយផលដល់ការរៀបចំការប្រកួតនេះអស់រយៈពេលជាង៨ខែ ។ គិតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យរៀបចំការប្រកួតឡើងវិញ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ការប្រកួតកម្រិតបឋមសិក្សាថ្នាក់ជាតិនេះ ត្រូវបានលើកពេលការប្រកួតជាថ្មីម្តងទៀត ដោយសារវិបត្តិជំងឺកូវីដ-១៩នេះហើយលើកបានលើកទៅប្រកួតនាថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។

ប៉ុន្តែការប្រកួតនេះនៅតែមិនអាចធ្វើទៅបានដដែល ដោយសារនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសលើកពេលព្រឹត្តិការណ៍ប្រកួតនេះ ជាថ្មីម្តងទៀតទៅប្រកួតនៅថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ និងចុងក្រោយកាលពីថ្ងៃទី ៩ខែធ្នូម្សិលមិញ ដែលគ្រោងនឹងរៀបចំការប្រកួតនេះនាថ្ងៃទី១៥ដល់ថ្ងៃទី២៤ ខែធ្នូនោះត្រូវបានផ្អាកជាផ្លូវការតែម្តង ៕