ប្រាសាទព្រះថ្កោល
ប្រាសាទព្រះថ្កោល ឬ ព្រះបុណ្យ មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ពីភូមិអ្នកស្រុក និង ចម្ងាយ ១០៥ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ។
អ្នកទេសចរជាតិ និង អន្តរជាតិ អាចទៅទស្សនាប្រាសាទនេះបាន តាមរយៈផ្លូវ២ខ្សែ គឺតាមផ្លូវជាតិលេខ៦២ ជាខ្សែទី១ ចេញពីតំបន់ភ្នំដែក ឃុំរមណីយ ស្រុករវៀង កាត់តាម ស្រុកសង្គមថ្មី និង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក របស់ខេត្តកំពង់ធំ ។ ចំណែកខ្សែទី ២ បែកចេញពីផ្លូវជាតិលេខ៦A ត្រង់ស្រុកស្ទោង ឆ្ពោះទៅក្រយា ឃុំសាគ្រាម របស់ស្រុកប្រាសាទបល្ល័ង្ក នឹង បានទៅដល់ប្រាសាទព្រះថ្កោល ដូចគ្នា ។
ប្រាសាទព្រះថ្កោល ឬ ព្រះបុណ្យ មានសិលាចារឹកប្រាប់កាលបរិច្ឆេទច្បាស់លាស់ ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ រវាងគ.ស ១០០២ ដល់ ១០៥០ ដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា ប៉ុន្តែបានកសាងបង្ហើយក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដូចប្រាសាទព្រះខ័នកំពង់ស្វាយដែរ ។
ប្រាសាទនេះអាចសម្គាល់បានដោយសត្វទេពឈរយាមនៅគ្រប់ជ្រុងទាំង៤ គឺបក្សីគ្រុឌ ប្រចាំការនៅជ្រុងខាងត្បូង និង ខាងលិច និង មានដំរីក្បាល៣ ឈរយាមនៅជ្រុងខាងជើង និងខាងកើត ដែលជារូបសំណាកធំៗ អាចមើលឃើញពីចម្ងាយបាន ។ បន្ថែមពីលើនេះ នៅមានរូបចម្លាក់តូចៗ ពិពណ៌នាអំពីរឿងទេវកថានានា ដោយឆ្លាក់ជាសាច់រឿងភ្ជាប់នឹងរូបធំៗទាំង៤ ៕




