កម្ពុជារៃអង្គាសថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ជំរុញក្តីសង្ឃឹមសម្រាប់វិស័យទេសចរណ៍

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានបង្ហាញក្តីសង្ឃឹមថា វិស័យដែលរងគ្រោះពីជំងឺកូវីដ-19 ធ្ងន់ធ្ងរជាងគេនេះ អាចនឹងងើបឡើងវិញ អាស្រ័យលើភាពវ័យឆ្លាត ស្របនឹងសេណារីយូ2 នៃយុទ្ធសាស្ត្រស្តារឡើងវិញនៃវិស័យទេសចរណ៍នាពេលថ្មីៗនេះ ខណៈដែលកម្ពុជាកំពុងរៃអង្គាសថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ។ នេះបើតាមសមាគមទេសចរណ៍កម្ពុជា។

លោក ហូរ វណ្ឌី ជាទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានអះអាងប្រាប់ AMSនៅថ្ងៃទី10 ខែធ្នូ ថា ការមានវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 នោះជារឿងការជួយជ្រោមជ្រែងគ្នានៅក្នុងសង្គម តាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលជាវប្បធម៌ចែករំលែកខ្ពស់ក្នុងសង្គមខ្មែរ ហើយក៏នឹងជួយដល់វិស័យផ្សេងៗ ទទួលបានផលប្រយោជន៍ពីការរៃអង្គាសដ៏សំខាន់នេះ។

លោក បានមានប្រសាសន៍ថា «ប្រសិនបើករណីមិនមានការឆ្លង មិនមានការរាលដាល ហើយមានការទប់ស្កាត់បានល្អមានន័យថាសង្វាក់វិស័យទេសចរណ៍នឹងមានការកើនឡើងវិញ តែការងើបឡើងវិញនៃវិស័យនេះ មិនលឿនដូចពេលមិនទាន់មានកូវីដ-19នោះទេ វានឹងទៅម្តងបន្តិចៗ។ ពេលមានវ៉ាក់សាំងកូវីដ-19យកមកការពារសួរថា តើយើងចាក់បានគ្រប់គ្នា ឬអត់? មានដំណាក់កាលទី1 ទី2 ទី3។ ហើយការចាក់វ៉ាក់សាំងនោះមានប្រសិទ្ធភាព ឬអត់? ជាការបារម្ភផងដែរ ក្នុងករណីបើក្រសួងជំនាញមិនទាន់បានបញ្ជាក់ថា ការចាក់ហើយ វាមិនឆ្លង100%នោះ»។

តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនោះ ដោយមិនខ្វល់ពីស្ថានភាពជំងឺកូវិដ-19នោះឡើយ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលវែង។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក Rachada Dhnadirek បានបញ្ជាក់ថា យ៉ាងណាភ្ញៀវទេសចរបរទេសទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃ មុនឱ្យដើរលេងដោយសេរី។ ក្រៅពីនេះថៃនៅមានផែនការធំៗជាច្រើនទៀតដើម្បីជួយស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឱ្យរស់ឡើងវិញ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការរយៈពេលវែង សម្រាប់ភ្ញៀវទេសចរទាំងអស់អាចស្នាក់នៅប្រទេសថៃចាប់ពី30-60 ថ្ងៃ។

លោក ហូរ វណ្ឌី បានមានប្រសាសន៍លើបញ្ហានេះថា «នៅក្នុងវិស័យទេសចរណ៍របស់ថៃគេមានគោលនយោបាយ និងវគោលការណ៍ខុសៗគ្នា។ ថៃមានគោលនយោបាយលើកទឹកចិត្ត ការបើកប្រទេសគាត់ឡើងវិញ គឺមានការលើកទឹចិត្ត ពេលចូលមកថៃសម្រាប់អ្នកទេសចរ ត្រូវតែធ្វើចត្តឡីស័ក្ត14ថ្ងៃដដែល សម្រាប់អ្នកវិនិយោគ អ្នកដែលជំនាញផ្សេងៗ គាត់អាចបន្តស្នាក់នៅ និងលើកលែង 3ខែ6ខែឬ1ឆ្នាំ គឺជាកញ្ចប់កាដូពិសេសក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ។ដូច្នេះយើងមានគោលនយោបាយខុសគ្នា»។

លោក ហូរ វណ្ឌី បានគូសបញ្ជាក់ថា «សម្រាប់យើងមានគោលនយោបាយខុសគ្នា ដូច្នេះអាស្រ័យលើភាពវ័យឆ្លាតរបស់ស្ថាប័នជំនាញ បើគាត់យល់ថាដាក់ទៅមានការខាតបង់ច្រើនណាស់ តែបើមានការបន្ធូរបន្ថយណាមួយ ហើយចាំបាច់ក៏ត្រូវធ្វើទៅតាមការណែនាំអង្គការ WTO ផងដែរ ដែលបានជួយច្រើនដែរ ក្នុងការធ្វើគោលដៅទេសចរណ៍គោលដៅមួយនៅក្នុងប្រទេសមួយ»និង«ទេសចរណ៍ប្រទេស និងប្រទេសជាដើម ដែលបានជួយជ្រោមជ្រែងមួយផ្នែកដែរ ប្រៀបដូចជាការបើកទ្វារនៃការទទួលខុសត្រូវដ៏សំខាន់»។

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ត្រូវបានគេស្រង់សម្តីថា ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍28វិច្ឆិកា បានធ្វើឱ្យចលនាទេសចរណ៍ក្នុងស្រុកថមថយ ក្រសួងក៏បានរៀបចំផែនការរួចរាល់ហើយ សម្រាប់ត្រៀមទទួលទេសចរ សំដៅប្រែក្លាយជាទេសចរណ៍សុវត្ថិភាព និងមានជំនឿទុកចិត្តពីភ្ញៀវទេសចរ។ដូច្នេះបើមានវ៉ាក់សាំងប្រឆាំងកូវីដ-19 នឹងធ្វើឱ្យវិស័យទេសចរណ៍ត្រឡប់មករកលក្ខណៈល្អប្រសើរឡើងវិញ ប៉ុន្តែមិនអាចល្អប្រសើរភ្លាមៗនោះទេ។

ក្រសួងទេសចរណ៍បានវាយតម្លៃស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន 2 ។ សេណារីយ៉ូទី1- ប្រើរយៈពេល 3ឆ្នាំ (2020-2023) និងសេណារីយ៉ូទី2- ប្រើរយៈពេល5ឆ្នាំ (2020-2025)៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner