ថ្ងៃស្អែកមានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែក នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ការផ្សាយផ្ទាល់ធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។

សម្តេចតេជោ ប្រកាសពីផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ គ្រោងទិញជំហ៊ានដំបូងប្រមាណ ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីការបង្ហាញផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩​ មានចលនាមហាជនគាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងផុលផុស។ មហាជនមិនត្រឹមតែគាំទ្រផ្នែកទស្សនៈ និងគំនិតប៉ុណ្ណោះទេ តែក៏បានចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ។ ថវិកាទទួលបានពីសប្បុរសជនគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានចំនួនជាង៤៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់យោបល់ជូនគណៈកម្មការអន្តរក្រសួងថា ជនអាទិភាពទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដំបូងគេរួមមាន៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូង។​និងចង្អុលបង្ហាញជនជាមុខព្រួញដែលគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងដំណាក់កាលទីពីរ ។ ជនដែលគួរទទួលបានវ៉ាក់សាំងនៅដំណាក់កាលទីពីរ មានដូចជានិស្សិតរៀនតាមមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន អ្នករៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មករសំណង់ជាដើម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner