កីឡាករប្រណាំងម៉ូតូហោះវ័យក្មេង ឃួន បណ្ឌិតបុត្រា កំពុងបង្កើនការហ្វឹកហាត់ ត្រៀមចូលរួមប្រកួតកម្រិតអាស៊ី

កីឡាករ ឃួន បណ្ឌិតបុត្រា ដែលអ្នកស្នេហាវិស័យកីឡាប្រណាំងម៉ូតូស្គាល់ថា ជាកីឡាករវ័យក្មេងមានទេពកោសល្យទទួលបានការបណ្តុះបណ្តាល និងជ្រោមជ្រែងលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រពីឪពុករបស់ខ្លួន ឃួន ពិឡុត តាំងពីកុមារាភាពមក និងធ្លាប់ទទួលបានជោគជ័យការប្រណាំងកម្រិតជាតិ និងកម្រិតអាស៊ាន ជាពិសេសប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា បានបង្ហាញនូវការតាំងចិត្តខ្ពស់ថា កំពុងតែសម្រួចបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំង ដើម្បីក្រសោបបានឱកាសតំណាងឲ្យកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះកម្រិតអាស៊ី នៅពេលឆាប់ៗខាងមុខនេះ ។


កីឡាករ ម៉ូតូហោះវ័យ១៦ឆ្នាំរូបនេះ អះអាងថា រូបគេបានចូលប្រឡុកក្នុងអាជីពម៉ូតូហោះនេះ តាំងពីអាយុ៧ឆ្នាំមកម្លេះ ក្រោមការជួយជ្រោមជ្រែងពីលោកឪពុក ឃួន ពិឡុត ហើយក្តីស្រម៉ៃ ក្នុងថ្ងៃអនាគតនោះ គឺចង់បង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះកម្រិតអាស៊ី និងពិភពលោក ។

ឃួន បណ្ឌិតបុត្រា រំលឹកថា ក្នុងអាជីពជាកីឡាករ ម៉ូតូហោះ ដែលគេបានឆ្លងកាត់ប្រមាណជាជិត១០ឆ្នាំកន្លងមកនេះ ធ្លាប់ចូលរួមការប្រណាំងក្នុងប្រទេស និងការប្រណាំងកម្រិតអាស៊ាន នៅប្រទេសថៃ ជាច្រើនលើក និងធ្លាប់ឈ្នះពានមកជូនកម្ពុជាផងដែរ ។

កីឡាករវ័យក្មេងខ្លួនតូចចិត្តធំរូបនេះ មានប្រជាប្រិយភាពខ្លាំង និងកំពុងអភិវឌ្ឍសមត្ថភាពលើជំនាញម៉ូតូហោះ បានដាក់ក្តីសង្ឈឹមយ៉ាងមុតមាំថា និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីឈានជើងចូលរួមប្រណាំងកម្រិតអាស៊ីនាពេលអនាគត ដើម្បីបង្ហាញអន្តរជាតិថា កម្ពុជាក៍មានកីឡាករម៉ូតូហោះ ដែលមានសមត្ថភាព មិនចាញ់កីឡាករបរទេសដែរ ។

សូមរំលឹកថា ឃួន បណ្ឌិតបុត្រា គឺជាកូនប្រុសពៅ ក្នុងគ្រួសារ ចំណោមបងប្អូនប្រុស ស្រី៣នាក់ បុត្រា បានចូលប្រឡូកក្នុងអាជីពជាកីឡាករប្រណាំងម៉ូតូហោះ តាំងពីគេមានវ័យ៧ឆ្នាំមកម្លេះ ហើយបច្ចុប្បន្នក្រៅពីអាជីពប្រណាំងម៉ូតូហោះ ឃួន បណ្ឌិតបុត្រា គឺជាកីឡាករជម្រើសជាតិថ្នាលកង់ភ្នំដែលកំពុងសម្រួចសមត្ថភាព ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner