អង់គ្លេសហាមពលរដ្ឋកុំឱ្យផ្អើលទិញទំនិញស្តុកទុកខណៈ Brexit នឹងបញ្ចប់នៅថ្ងៃទី1 ខែមករានេះហើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ពលរដ្ឋរបស់អង់គ្លេសទាំងអស់ត្រូវបានអាជ្ញាធរធ្វើការព្រមានថាមិនគួរនាំគ្នាធ្វើការទិញទំនិញចាំបាច់ទៅស្តុកនោះទេនៅមុនពេលដែលពេលវេលាចុងក្រោយនៃភាពជាសមាជិករបស់អ៊ឺរ៉ុបរបស់ខ្លួននឹងត្រៀមផុតកំណត់នៅថ្ងៃទី 1 ខែមករាខាងមុខនេះទៅហើយនោះ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទាំងអង់គ្លេស និងសហភាពអ៊ឺរ៉ុបបានយល់ព្រមគ្នាក្នុងការកំណត់ពេលវេលាចុងក្រោយមួយធ្វើយ៉ាងណាដើម្បីអាចបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយឲ្យបាននៅក្រោយការបញ្ចប់ទៅនៃ Brexit ឬនៃការចាកចេញរបស់អង់គ្លេសពីប្លុកអ៊ឺរ៉ុប។

សម្ព័ន្ធអ្នកលក់រាយរបស់អង់គ្លេសហៅកាត់ថា BRC (British Retail Consortium)បាននិយាយថាស្ថានភាពមិនច្បាស់លាស់នៅតែបន្តរវាងភាគីទាំងពីរដែលវាបានធ្វើឲ្យក្រុមហ៊ុន និងអ្នកផលិតជាច្រើនពុំទាន់ហ៊ានសម្រេចចិត្តក្នុងការដំណើរការផលិតកម្មរបស់ខ្លួនដោយបែបណានៅឡើយទេ ប៉ុន្តែបានអះអាងថាហាងនានាមានទំនិញផ្គត់ផ្គង់គ្រប់គ្រាន់ដូចនេះពលរដ្ឋអង់គ្លេសមិនគួរចាំបាច់ទិញទំនិញស្តុកទុកនោះទេ។

ប្រធានប្រតិបត្តិរបស់ BRC លោក Helen Dickinson បាននិយាយថាក្រុមហ៊ុនលក់រាយបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងក្នុងការបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនទោះបីជាលទ្ធផលនៅក្រោយថ្ងៃទី1 ខែមករាទៅជាយ៉ាងណាក្តី ប៉ុន្តែលោកបានអំពាវនាវថាកុំឲ្យពលរដ្ឋអង់គ្លេសនាំគ្នាធ្វើការទិញទំនិញលើសពីតម្រូវចាំបាច់ប្រចាំថ្ងៃដើម្បីអាចការពារកុំឲ្យមានបញ្ហាណាមួយកើតឡើង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner