ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ពីរការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក៏ដោយ។

ការប្តេជ្ញាចិត្តនេះត្រូវបានគូសបញ្ជាក់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសុន្ទរកថានៃ «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» ដែលបានធ្វើឡើងតាមរយៈ Videoconference កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាការពិត ប្រទេសជាច្រើន បានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជាដែលទើបតែរងនូវផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។ ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្ដី កម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និង សមត្ថភាពចូលរួមដោះស្រាយនូវបញ្ហានេះ។

សម្ដេចបានមានប្រសាសន៍ថា៖«ទោះបីប្រទេសកម្ពុជាកំពុងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចនៅ កម្រិតពិភពលោកក៏ដោយ ប្រទេសនេះមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយផ្អែកលើធនធាននិងសមត្ថភាពរបស់ខ្លួន»។

រូបភាព ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងរបាយការណ៍ស្តីពីបច្ចុប្បន្នភាពនៃការចូលរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូន លេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅចុងឆ្នាំនេះ ប្រទេសកម្ពុជាមានគោលដៅថ្មី និងច្បាស់លាស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមនប្រមាណ 38.9លានតោន សមមូលឧស្ម័នកាបូនិក ដែលរួមមានវិស័យព្រៃឈើកាក សំណល់ និងកសិកម្ម ឬស្មើនិង 18% បើធៀបនឹងសេណារីយ៉ូធម្មតានៅឆ្នាំ 2030 ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖«គោលដៅថ្មីនឹងរួមបញ្ចូលការផលិតថាមពលអគ្គីសនីពីថាមពលកកើតឡើងវិញ ចំនួន25% នៅក្នុងល្បាយថាមពលនៅឆ្នាំ2030»។
ការប្រែប្រួលអាកាសធាតុ ជាបាតុភូត ប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាការពិត ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាប័ន្ន នាពេលអនាគត។

សម្ដេចបានបញ្ជាក់ថា «ក្នុងន័យនេះការប្រែប្រួលអាកាសធាតុ ជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តន៍នូវការព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ យន្តការនានា កិច្ចព្រមព្រៀងកន្លងមក ក្នុងស្មារតីដែលជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាសធាតុជាអតិបរិមា»។

សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាបានប្ដេជ្ញារៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន ដែលការរៀបចំនេះ នឹងប្រព្រឹត្តទៅនៅឆ្នាំ2021។ ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្ររយៈពេលវែងនេះទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់បំពេញឱ្យបានពេញលេញនូវការព្វកិច្ចដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner