កម្ពុជានៅមិនទាន់សម្រេចចិត្តគួរទិញវ៉ាក់សាំងការពារជំងឺកូវីដ-19 ពីប្រទេសណានៅឡើយ?

បន្ទាប់ពីមានការប្រកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ មានសប្បុរសជននានាបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ដែលក្នុងនោះក៏មានការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្តេចម៉ែចំនួន1 លានដុល្លារផងដែរ។

ថវិកាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទទួលពីសប្បុរសជននានាដើម្បីទុកសម្រាប់ទិញវ៉ាក់សាំង កូវីដ-19 គិតត្រឹមល្ងាចថ្ងៃទី11ខែធ្នូ ឆ្នាំ2020 សរុបទាំងអស់ 45,068,768 ដុល្លារ ក្នុងនោះមានប្រាក់ដុល្លារចំនួន 44,643,766ដុល្លារ និងប្រាក់រៀលចំនួន 1,700,010,000រៀល ។

បន្ទាប់ពីការប្រជុំពិភាក្សារយៈពេល 3 ថ្ងៃ ដើម្បីរកប្រភព និងថវិកាសម្រាប់វ៉ាក់សាំងទាំងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែមិនទាន់ប្រកាសពីផែនការសកម្មភាពដែលកម្ពុជាគ្រោងនឹងអនុវត្តបន្ទាប់ពីទទួលបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការសម្រេចទិញវ៉ាក់សាំងពីប្រទេសណាមួយឱ្យប្រាកដនៅឡើយ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេថា នឹងទិញវ៉ាក់សាំងប្រភេទណា និងមានប្រភពមកពីណា។ លោកស្រីបានបញ្ចាក់ថា៖ «វ៉ាក់សាំងទាំងអស់ដែលបានបង្កើតឡើងនាពេលបច្ចុប្បន្ននេះនៅតែមិនទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកនៅឡើយ»។

អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានឱ្យដឹងថា អង្គការសុខភាពពិភពលោក និងដៃគូកំពុងខិតខំធ្វើការដើម្បីនាំវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងមានតំលៃសមរម្យដល់ប្រជាជនដែលមានហានិភ័យខ្ពស់និងអាទិភាពនៅក្នុងប្រទេសទាំងអស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបានតាមរយៈ មជ្ឈមណ្ឌលវ៉ាក់សាំងសកលរបស់កម្មវិធី COVAX ។ ដោយសារអត្រានៃការរីកចម្រើននាពេលបច្ចុប្បន្ន គេរំពឹងថាវ៉ាក់សាំងនឹងចាប់ផ្តើមទៅដល់ប្រទេសនានាក្នុងឆ្នាំ 2021។ នៅប្រទេសកម្ពុជាក៏សង្ឃឹមថានឹងមានវ៉ាក់សាំង នៅដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ2021 ប៉ុន្តែពេលវេលាជាក់លាក់មិនទាន់ប្រាកដទេ។

យោងតាមសារព័ត៌មាន Reuters ប្រទេសម៉ាឡេស៊ីដែលជាប្រទេសជិតខាងក្នុងតំបន់អាស៊ានត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញវ៉ាក់សាំង Pfizer’s COVID-19 ចំនួន12,8លានដូស ដែល បាន ទទួលការដឹកជញ្ជូនវ៉ាក់សាំងលើកដំបូងពីប្រទេសចិន។ ចំណែកឯប្រទេសថៃ ក៏ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនលើកិច្ចព្រមព្រៀងជាមុន ជាមួយក្រុមហ៊ុន AstraZeneca របស់អង់គ្លេស និងប្រទេសស៊ុយអែត ។

សូមបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-19 អាចប្រើបានតែនៅក្នុងប្រទេសមួយបានលុះត្រាតែវាត្រូវបានអនុម័តដោយអាជ្ញាធរត្រួតពិនិត្យជាតិ។ ការប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងសកលរបស់ COVAX ទាមទារការយល់ព្រមពីអាជ្ញាធរ ដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ឬការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner