ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ ដឹកនាំមន្រ្តីក្រោមឱវាទអគ្គនាយកដ្ឋានកីឡា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ជូនសពលោកគ្រូឧត្តមការ៉ាតេ​ចារ្យ ឡាច ច័ន្ទសុវណ្ណ

ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំសហការី ដែលជា ប្រធាន អនុប្រធាននាយកដ្ឋាន អស់លោក លោកស្រី និងមន្រ្តីក្រោមឱវាទអគ្គនាយកដ្ឋានកីឡា ចូលរួម គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនចំពោះសពលោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជា ដែលបានទទួលមរណៈភាពនៅវេលាម៉ោង ៣:៣៨នាទី រសៀល ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ ។
មរណៈភាពរបស់លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ គឺជាការបាត់បង់ឧត្តមជន បញ្ញាញាណប្រសើរខ្ពស់ ដែលជាធនធានមនុស្សដ៏កម្រជាឧត្ដមទីប្រឹក្សាជាអ្នកដឹកនាំ និងបង្កើតនូវ សមាគម និងក្លឹប សហព័ន្ធកីឡាការ៉ាតេ និងសូរីនហ្ស៊ិកាំប៉ូ ព្រមទាំងជាគ្រូបង្វឹក និងអប់រំ ផ្លូវកាយ និង ចិត្តដល់អ្នកជំនាន់ក្រោយជាមួយជីវិតរបស់លោកគ្រូ ឧត្តមការ៉ាតេចារ្យ ។


នាឱកាសនោះដែរ ឯ ឧ អ៊ុក សិទ្ធិជាតិ ក៏បាននាំយកថវិកាចំនួន ២លានរៀល ដែលជាថវិការបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីផ្ទាល់ រួមជាមួយថវិកា លោក លោកស្រីដែលជានាយិកា និងប្រធាននាយកដ្ឋានក្រោមឪវាទអគ្គនាយក នៃអគ្កនាយកដ្ឋានកីឡា ប្រគល់ជូនក្រុមគ្រួសារសពលោឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ ។ ឯ ឧ អគ្គនាយក បានចាត់ទុកថា មរណភាពរបស់ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ គឺជាការបាត់បង់បុគ្គលឆ្នើមម្នាក់ ក្នុងវិស័យកីឡា ដោយសារលោក គឺអតីតជាបុគ្គលឆ្នើមម្នាក់ និងក៏ជាអតីតកីឡាករឆ្នើមម្នាក់ លើប្រភេទកីឡាការ៉ាតេ និងសូរីនហ្ស៊ិកាំប៉ូ ធ្លាប់មានស្នាដៃជាច្រើនជូនកម្ពុជា ។


សូមរំលឹកថា លោកគ្រូ ឡាច ច័ន្ទសុវណ្ណ ទទួលគោរមងារជា «ឧត្តមការ៉ាតេចារ្យ និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធការ៉ាតេកម្ពុជា» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ និងទទួលបានខ្សែក្រវ៉ាត់ កម្រិត ៩ដាន់ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ។ លោកគ្រូ ឡាច ច័ន្ទសុវណ្ណ ធ្លាប់បានទៅហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសជប៉ុន សម្រាប់ការ៉ាតេ វ៉ាដូរីយូ (Wado-Ryu) នៅឆ្នាំ២០០០ និងជាកម្មសិក្សាការីអាជ្ញាកណ្តាល-ចៅក្រម សហព័ន្ធការ៉ាតេ អាស៊ី នៅ Macau នៅឆ្នាំ២០០៥ ។ ក្រៅអំពីកីឡាការ៉ាតេ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ក៏បានហ្វឹកហាត់កីឡាសូរីនហ្ស៊ិកាំប៉ូ ដោយទទួលបានខ្សែក្រវ៉ាត់ខ្មៅ៣ដាន់ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ ជាសមាជិកពេញសិទ្ធ USA Nihon Koden Shindo Ryu Federation នៅឆ្នាំ ២០០២ ដោយទទួលខុសត្រូវតំបន់អាស៊ីអាគ្នេយ៍ ។

សមិទ្ធផលជាច្រើនដែលលោកគ្រូ ឡាច ច័ន្ទសុវណ្ណ បានធ្វើសម្រាប់កម្ពុជា ក្នុងនោះឆ្នាំ២០១១ ព្រឹត្តការណ៍កីឡាអាស៊ីអាគេ្នយ៍ (Sea Games) លើកទី២៦ នាខែវិច្ឆិកា ដែលប្រទេសឥណ្ឌូនេស៊ី ធើ្វជាម្ចាស់ផ្ទះ កម្ពុជាដណ្តើមបានមេដាយសរុប៣៩គ្រឿង មាស៤ ប្រាក់១១ និងសំរិទ្ធ២៤គ្រឿង ដោយឡែកប្រភេទកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជា ដណ្តើមបានទទួលបានមេដាយមាស១ ប្រាក់១ និងសំរិទ្ធ៦គ្រឿង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner