រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅរសៀលថ្ងៃ១៤ធ្នូឆ្នាំ២០២០ បាន ចូលរួមជាសហប្រធានកិត្តិយសក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ ក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រកសិកម្ម និងជាពិសេសវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ Huehe International Businees Consultancy ដែលបានរៀបចំសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មនោះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុក ព្រឹត្តិការណ៍នោះ គឺស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញកសិកម្មទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព តាមអភិក្រម រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍កសិកម្ម។

ឯកឧត្តមបានបន្តថា ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រាប់ទាំងកម្ពុជាផងដែរ ហេតុនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាជាច្រើន ក្នុងនោះគឺជម្រុញផលិតកម្មកសិកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត និងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគ្រាសខ្នាតតូចនិងមធ្យម។

សិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនោះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងប្រទេសប្រមាណជាង២០ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក អង្គការអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ក្នុងគោលបំណងផ្សព្វផ្សាយអំពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាថ្មីទំនើប និងការវិនិយោគផ្នែកកសិកម្មផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner