Hyundai ចាយលុយជាង 1OOOលានដុល្លារទិញចំណែកដ៏ធំរបស់ក្រុមហ៊ុនផលិតរ៉ូបូតអាមេរិក

បរទេស៖ក្រុមហ៊ុនយក្សជំនាញខាងផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group ទើបតែបានប្រកាសទិញយកភាគហ៊ុនមួយចំណែកធំនៃក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីរបស់អាមេរិកដែលមានឈ្មោះថា Boston Dynamics ពីម្ចាស់ហ៊ុនធំគឺធនាគារជប៉ុន SoftBank។

តើ Hyundai ចំណាយលុយប៉ុន្មាន និងទទួលបានអ្វីខ្លះពី Softbank?

Boston Dynamics បាននិយាយថា កិច្ចព្រមព្រៀងទិញ និងលក់ដែលមានតម្លៃ 1,100 លានដុល្លារលើកនេះបានន័យថា Hyundai នឹងក្លាយទៅជាម្ចាស់ភាគហ៊ុន 80 ភាគរយ ខណៈដែល SoftBank នឹងរក្សាទុក 20 ភាគរយទៀត។

ការវិនិយោគនេះនឹងអាចអនុញ្ញាតឲ្យ Hyundai និង Boston Dynamics ធ្វើការរួមគ្នាដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសទៅលើបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិដែលកន្លងមក Hyundai ធ្លាប់មានផែនការទៅហើយថានឹងវិនិយោគប្រាក់ឲ្យបានទៅដល់ 50 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំទៀតដើម្បីឲ្យខ្លួនអាចក្លាយទៅជាក្រុមហ៊ុនដែលនាំមុខគេបំផុតទៅលើដំណោះស្រាយនៃការធ្វើដំណើរឆ្លាតវ៉ៃ ឬ Smart Mobility Solution។

លើសពីនេះកន្លងមក Hyundai ក៏បានអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគតជាច្រើនរួចមកហើយដែរ ដោយរាប់បញ្ចូលទាំងការបើកបរដោយស្វយ័តរោងចក្រវៃឆ្លាត និងយានយន្តអេកូឡូស៊ីឬមិនប៉ះពាល់ដល់បរិស្ថានជាដើម។

កាលពីខែមុនផងដែរក្រុមហ៊ុន Hyundai ទើបបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនគីមីយក្សអ៊ឺរ៉ុបដើម្បី
ស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីដ្រូសែនផងដោយសង្ឃឹមថានឹងអាចផលិតរថយន្តប្រើប្រាស់ថាមពេលអ៊ីដ្រូសែននាពេលខាងមុខបាន។

យោងតាមការបញ្ជាក់របស់អ្នកវិភាគជាន់ខ្ពស់លោក Yu Yuansheng បាននិយាយថាការទិញយក Boston Dynamics នឹងអាចធ្វើឲ្យ Hyundai កាន់តែមានភាពល្បីល្បាញនៅក្នុងទីផ្សារបច្ចុប្បន្នតាមរយៈការបញ្ចុលគ្នានៃបច្ចេកវិទ្យានៃក្រុមហ៊ុនទាំងពីរស្របទៅតាមផែនការអនាគតរបស់ខ្លួន។

រំលឹកដែរថា Boston Dynamics ត្រូវបានបង្កើតឡើងដំបូងចេញពីវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋ Massachusetts កាលពីឆ្នាំ1992 និងដំណើរការដោយឯករាជ្យរហូតមកដល់ឆ្នាំ 2013 ដែលវាត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Google និង 4 ឆ្នាំក្រោយមកលក់ទៅឲ្យ Softbank។ មកដល់សព្វថ្ងៃនេះ Boston Dynamics បានជោគជ័យក្នុងការបង្កើត និងផលិតនូវបច្ចេកវិទ្យាមនុស្សយន្តជាច្រើនរួចមកហើយដែលអាចដំណើរការនៅក្នុងប្រព័ន្ធធ្វើអាជីវកម្មនិងផលិតកម្មរបស់ក្រុមហ៊ុនជាច្រើនដែលក្នុងនោះមានទាំង Ford Motor ផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner