សម្តេចបានស្រក់ទឹកភ្នែក ពេលឃើញមហាជន ចូលរួមបរិច្ចាគថវិកាទិញ វ៉ាក់សាំងកូវីដ-១៩ និងផ្តាំទៅអ្នកដែលថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូល លុយបើកប្រាក់ខែឱ្យមន្ត្រីថា កុំប្រមាថទឹកចិត្តប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ ក្នុងសារពិសេសនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពេលនិយាយដល់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យសម្តេចព្រឺរោម ព្រោះវាបានខ្លាចជាចលនាជាតិ និងជាខឿនការពារជាតិ ជាពិសេស គឺស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលុប។ ពេលសម្តេច បង្ហោះរឿងត្រៀមវ៉ាក់សាំងកូវីដ១៩ សម្តេច មិនបាននឹកដល់ការចូលរួមរបស់សប្បុរសជននោះទេ ។
សម្តេច បានបញ្ជាក់ថា សម្តេច បានស្រក់ទឹកភ្នែក ពេលឃើញមហាជន ចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអ្នកដែលថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូលលុយ បើកប្រាក់ខែមន្ត្រីថា កុំប្រមាថទឹកចិត្តប្រជាពលរដ្ឋខ្មែរ ។ ថវិកានេះ មិនស្មើនឹង ១ភាគ៤ នៃប្រាក់ខែរបស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធមួយខែនោះទេ ដោយរាជរដ្ឋាភិបាល ក៏បានត្រៀមថវិកា ១០០ ទៅ ២០០លានដុល្លាររួចហើយដែរ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩នេះ ។
ជាមួយគ្នានេះដែរ សម្តេច ក៏បានលើកឡើងពីអ្នកតិះទៀន រឿងចូលរួមថវិកាទិញវ៉ាក់សាំងនេះ គឺជាការប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ទឹកព្រះទ័យព្រះសង្ឃ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ សម្តេចតេជោ បញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្លះ មានចំនួនតិចតួច តែជាទឹកចិត្តធំធេងណាស់ ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អ្នកចូលរួមបរិច្ចាគថវិកាទិញវ៉ាក់កូវីដ១៩ មានចំនួន ៣៨,៤១១នាក់ ស្មើនឹងទឹកប្រាក់ ៤៨,០៩៣,៩០៥.១៣ដុល្លារ និង ៣ពាន់ ៩០០លានរៀល ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អ្នកទទួលបានវ៉ាក់សាំងមុនគេ ត្រូវបានកំណត់រួចហើយ មានចំនួន ៤១ម៉ឺននាក់។ សម្តេច ថា អ្នកត្រូវ ទទួលបានវ៉ាក់សាំងមុនគេនេះ រាប់ចាប់តាំងពីអ្នកប្រមូល សំរាម អនាម័យ តាក់ស៊ី កង់៣ បុព្វជិតសាសនា កីឡាករ កីឡាការិនិ មន្ត្រីអប់រំ ពេទ្យ ។ សម្តេច ថា កម្ពុជា ត្រូវការចាក់វ៉ាក់សាំងចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់ ។
ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីការហួសចិត្តនឹងបុគ្គលមួយ ចំនួន ដែលសុំចូលរួមត្រួតពិនិត្យថវិការបស់សប្បុរសជន ទាំងខ្លួនឯង មិនបានចូលរួមបរិច្ចាគថវិកា ផងនោះ ដែលនេះជារឿងអាសូរណាស់ ។ សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាល ចេះចាត់ចែងហើយ សូមអរគុណ ហើយបើប្រជាពលរដ្ឋមិនជឿទុកចិត្ត គឺប្រជាពលរដ្ឋ មិនចូលរួមបរិច្ចាគនោះទេ ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល មានថវិកាក្នុងដៃ ប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ច ដែលនេះមិនទាន់គិតពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនៅឡើយទេ។ ថវិកានេះ បានពី ADB, ចៃកា និងធនាគារ EDCS របស់កូរ៉េខាងត្បូងជាដើម ៕ ដោយ វណ្ណលុក