សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ផ្តល់អនុសាសន៍ និងបទបញ្ជាមួយចំនួន ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖

១៖ តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរ ត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។
២៖ ត្រូវអនុវត្ត ៣ការពារ (១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយ ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣៖ ត្រូវអនុវត្ត ៣កុំ (១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមាន ខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។

ជាមួយនេះ សម្តេច ក៏បានរំលឹកដល់អាជ្ញាធរ ឱ្យពិនិត្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន បើមិនអនុវត្តន៍តាមគោលការណ៍ នេះ ត្រូវបិទបណ្តោះអាសន្ន ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យពិនិត្យលទ្ធភាព ផ្តល់ក្របខណ្ឌបន្ថែមឱ្យ គ្រូពេទ្យ តាមរយៈការប្រលង ឬគ្រូពេទ្យជាប់កិច្ចសន្យា ដោយកាត់បន្ថយមន្ត្រីក្របខណ្ឌផ្សេង ហើយបន្ថែមក្របខណ្ឌ គ្រូពេទ្យ ដោយកំណត់លក្ខខណ្ឌការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ ក៏បានអរគុណវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាមេរិក និងអង្គការ សុខភាពពិភពលោក ដែលបានចូលរួមជាមួយកម្ពុជា ប្រយុទ្ធ នឹងជំងឺកូវីដ១៩ ហើយសម្តេច បានណែនាំឱ្យផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ ជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និង មណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ១៩ ។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវឱ្យខ្វះសម្ភារបរិក្ខារពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចប្រទេសជឿនលឿន មួយចំនួននោះឡើយ។ សម្តេច ថ្លែងថា គ្មានសម្ភារ បរិក្ខារ ពេទ្យគ្រប់គ្រាន់ មិនឱ្យចូលព្យាបាលអ្នកជំងឺឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរៀបចំលក្ខណៈសម្បត្តិដោះស្រាយ បញ្ហាសម្រាប់ឆ្នាំ២០២១ ក្នុងករណីមានការឆ្លងចូលសហគមន៍ធ្ងន់ធ្ងរ។ សម្តេចតេជោ បានថ្លែងថា សុខចិត្តចាត់ទុកថា «មាន» ប្រសើរជាងថា «អត់មាន» ដោយសម្ដេចអំពាវនាវថា ៖

១៖ ត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់យក ការកែប្រែឥរិយាបថអនាម័យស្អាត និងប្រកាន់គោលការណ៍ ៤ខាងលើ។ ២៖ ពង្រឹងសេវាសុខាភិបាលតាមមូលដ្ឋាន ជាពិសេសត្រៀមឱ្យមានកន្លែងដាក់អ្នកជំងឺកូវីដ១៩ កុំឱ្យមានការចម្លងគ្នា និងរៀបចំបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម។ ៣៖ សហការជាមួយគ្លីនិកនានាក្នុងការតាមរកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩។ ៤៖ បណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀត ដើម្បី ពង្រឹងសមត្ថភាពលើការព្យាបាល។ ៥៖ ពង្រឹងសតម្ថភាពមន្ទីរពិសោធន៍ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និង បាត់ដំបង។ ៦៖ ផ្គត់ផ្គង់សម្ភារពេទ្យជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នក ជំងឺកូវីដ១៩។ ៧៖ ប្រព័ន្ធបញ្ជូនជំងឺត្រូវចាត់ចែង និងពង្រឹងសមត្ថភាព ត្រូវមានគិលានុបដ្ឋាកសង្គ្រោះឱ្យបានសមរម្យ ជាពិសេស ការ បញ្ជូនចេញ និងចូល កុំឱ្យមានការចម្លងគ្នា។ ៨៖ ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត។
៩៖ ត្រូវមានក្រុមគ្រូពេទ្យព្យាបាល ដោយចែកជាក្រុមៗនៅតាមមន្ទីរពេទ្យ ដោយប្រចាំការនៅមន្ទីរពេទ្យផង និងអាច ចល័តទៅកាន់កន្លែងដទៃពេលមានតម្រូវការចាំបាច់។ ១០៖ ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងអ្នកគ្រប់អ្នកធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់។ ១១៖ ជំរុញការចូលរួមក្នុងសហគមន៍ ជាពិសេស ស្ត្រីនៅតាមផ្ទះឱ្យចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺ កូវីដ១៩។ ១២៖ អាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវចូលរួមអប់រំសុខភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការ ចម្លងក្នុង សហគមន៍។ សម្តេចតេជោ បានណែនាំឱ្យយកគំរូតាមការផ្សព្វផ្សាយកាលពីខែមេសា ដោយមានការចាក់ ឧបករណ៍ បំពងសំឡេងតាមភូមិ ឃុំ ។ ១៣៖ បង្កើត ឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ជំងឺឱ្យ បានទូលំទូលាយថែមទៀត ដោយប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល ។ ១៤៖ លើទឹកចិត្តឱ្យមានតម្លាភាព និងស្មោះត្រង់ ក្នុងការបង្ហាញខ្លួនពាក់ព័ន្ធជំងឺកូវីដ១៩ ដើម្បីចាត់វិធានការបានលឿន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកប៉ះពាល់ជីវភាព ព្រោះ ជំងឺកូវីដ១៩ នៅជុំទី៤ បន្តទៀត សម្រាប់ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជួយដល់ពលរដ្ឋក្រីក្រីព្រោះវិបត្តិកូវីដ១៩ សរុបប្រមាណ ១៦០លានដុល្លារហើយ ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ដែរថា បើដល់ខែមីនា ស្ថានភាពវិបត្តិកូវីដ១៩ មិនទាន់ស្រាកស្រានទេ រាជរដ្ឋាភិបាល នឹងបន្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះបន្តទៀត ដោយរាជរដ្ឋាភិបាលបានត្រៀមថវិកា ២០០លានដុល្លារ សម្រាប់ការឧបត្ថម្ភនេះ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ថា កុំមើលស្រាលរាជរដ្ឋាភិបាលរបស់សម្តេច ហើយកុំច្រឡំថា ដួលរលំឱ្យសោះ មកដល់ពេលនេះ រាជរដ្ឋាភិបាល អាចប្រមូលចំណូលសរុបប្រមាណ ៤៥០០លានដុល្លារ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner