បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារណាត់ខេត្តបាត់ដំបង បានទទួលសោតូប ដើម្បីចូលលក់ដូរឡើងវិញ ក្រោយពីធ្វើការជួសជុលរួចរាល់
តូបលក់ដូរ ចំនួន៤០ តូប នៅក្នុងផ្សារណាត់(ផ្សារធំ)បាត់ដំបង ដែលទទួលរងដោយសារគ្រោះអគ្គីភ័យនូវក្នុងហេតុការទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះ កាលពីព្រលប់ ថ្ងៃទី៣០ខែសីហាឆ្នាំ២០២០នៅវេលាម៉ោង៥,១៥នាទីល្ងាច កាលពីប៉ុន្មានខែមុននេះ។ ត្រូវបាន ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចុះសិក្សាស្រាវជ្រាវករណីឆេះផ្សារណាត់បាត់ដំបងនិងសម្របសម្រួលជាមួយអាជីវករលក់ដូរ ក្នុងការរៀបចំសម្អាតអនាម័យបរិស្ថានសណ្តាប់ធ្នាបរបៀបរៀបរយ សោភ័ណភាពនិងការលើកផែនការជួសជុលពីការខូចខាត និងការរៀបចំនូវប្រព័ន្ធបណ្តាញនានាក្នុងផ្សារឡើងវិញ។និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់សោតូប លក់ដូរក្នុងផ្សារធំបាត់ដំបងនិងក្រោយពីបញ្ចប់ការជួសជុលឲ្យប្រសើរឡើងវិញរួចរាល់ជាស្ថាពរ ចំនួន៤០តូប ដើម្បីប្រគល់ជូនដល់បងប្អូនដែលជាអាជីវករម្ចាស់ទីតាំងតូប នៅទីនោះផ្ទាល់ បានលក់ដូរជាថ្មីឡើងវិញ។
ការប្រគល់តូបខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ដោយមានវត្តមានចូលរួមពីលោកអភិបាលក្រុងបាត់ដំបង លោកប្រធានគណៈកម្មការផ្សារ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន ដោយបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករជាម្ចាស់តូបផ្ទាល់។
ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដែរថា៖ ការប្រគល់សោតូបដល់អាជីវករ ចំនួន៤០តូប ខាងលើនេះ គឺជាការជួសជុលតូប ដើម្បីជួយសម្រួលដល់បងប្អូនបានចូលលក់ដូរឡើងវិញសិន។ តែទំហំការជួសជុលធំនៃគម្រោងកែលម្អផ្សារណាត់ឲ្យប្រសើរឡើងវីញនោះ គឺជាជំហានបន្តបន្ទាប់នៅថ្ងៃខាងមុខទៀត។ហើយថវិកាដែលជួសជុលតូបឡើងវិញនេះ គឺជាប្រភពថវិកានៃរដ្ឋបាលខេត្តបាត់ដំបង។
គូររំលឹកដែរថាកន្លងមកអគ្គិភ័យដែលបានឆាបឆេះក្នុងផ្សារណាត់ក្រុង-ខេត្តបាត់ដំបង បានឆេះបំផ្លាញតូបលក់ដូរគ្រឿងទេសចាប់ហួយចានឆ្នាំងនិងផ្នែកខ្លះតូបលក់ខោអាវ លក់ក្រណាត់ប្រមាណជាង៤០តូប ហើយត្រូវបានក្រុមពន្លត់អគ្គីភ័យពន្លត់ឲ្យរលត់និងគ្រប់គ្រងបានទាំងស្រុងវិញក្នុងយប់ថ្ងៃកើតហេតុខាងលើ កន្លងទៅ បានទាំងស្រុង។
ក្រោយពីបញ្ចប់ហេតុការអាក្រក់នេះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានអនុញ្ញាតឲ្យផ្នែកខ្លះនៃផ្សារណាត់ឬផ្សារធំថ្មីក្រុងបាត់ដំបង បានបើកដំណើរការលក់ដូរឡើងវិញជាធម្មតាកាលពីថ្ងៃទី០២ខែកញ្ញាកន្កងទៅ។ តែកន្លែងដែលឆេះ និង រងការខូចខាតដោយអគ្គីភ័យត្រូវពិនិត្យធ្វើការរៀបចំជួសជុលកែលម្អឲ្យប្រសើរឡើងវិញ ជាមុនសិន។
កន្លងមក តាមរយៈក្រុមការងារគណៈកម្មការខាងលើនេះ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង សឿម ប៊ុនរិទ្ធិ ទទួលបន្ទុកការងារចុះស្រាវជ្រាវរៀបចំអនាម័យបរិស្ថាន និងពីសណ្តាប់ធ្នាបរបៀបរៀបរយនៅផ្សារណាត់ដែលរងការឆេះក៏បានគូសបញ្ជាក់ពីទំហំនៃការខូចខាតការឆេះផ្សារនេះដោយបានធ្វើការប៉ាន់ប្រមាណជាទឹកប្រាក់សរុប ៨៣១ពាន់ដុល្លារផងដែរ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចុះសិក្សាស្រាវជ្រាវករណីឆេះផ្សារណាត់បាត់ដំបង និងសម្របសម្រួលជាមួយអាជីវករលក់ដូរនិងការរៀបចំសម្អាត អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងការលើកផែនការជួសជុលពីការខូចខាត និងការរៀបចំនូវប្រព័ន្ធបណ្តាញនានាក្នុងផ្សារឡើងវិញ។ឯកឧត្តមក៏បានឲ្យដឹងបន្ថែមទៀតថាករណីដែលចុះពិនិត្យនិងការវាយតម្លៃក្នុងករណី នៃ ការឆេះផ្សារនេះ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង។ បណ្តាលឲ្យរងការខូចខាតមួយចំនួន ដូចជា៖ ប៉ះពាល់ដល់ផ្នែកខ្លះនៃដំបូលផ្សារ បង្កឲ្យមានស្នាមប្រេះធ្នឹមលើ។ បែកកញ្ចក់ បាក់បែកដំបូលបេតុងបន្ទះដែលតម្រូវឲ្យមានការសិក្សាលម្អិតពិការរៀបចំកែលម្អ និងជួសជុលឡើងវិញ តាមរយៈប្រគល់ឲ្យខាងមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងសហការគ្នាដើម្បីធ្វើការសិក្សា និងពិនិត្យឡើងវិញពីសំណង់និងធ្វើការវាយតម្លៃលម្អិតពីបច្ចេកទេសដើម្បីឲ្យអាជ្ញាធរ នៃរដ្ឋបាលខេត្ត បានរៀបចំធ្វើការជួសជុលឡើងវិញ ដើម្បីឲ្យឆ្លើយតបទៅនិងអាគារដែកបន្សល់ទុកពីបុរាណនិងចង់រក្សានូវទម្រង់ដើមរបស់អតីតផ្សារចាស់មួយនេះឲ្យបានគង់វង់៕ ( អត្ថបទ-រូបភា៖ អ៊ុក សំអាន បប)