ប្រធានអង្គការ UNICEF អំពាវនាវអោយគ្រូបង្រៀនស្ថិតក្នុងចំណោមអ្នកដែលត្រូវផ្តល់អាទិភាពចាក់វ៉ាក់សាំង Covid-19
បរទេស៖ ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ(UNICEF) នៅថ្ងៃអង្គារនេះ បានអំពាវនាវអោយគ្រូបង្រៀនស្ថិតក្នុងចំណោមអ្នកដែលត្រូវផ្តល់អាទិភាពចាក់វ៉ាក់សាំង Covid-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
ប្រធានអង្គការ យូនីសេហ្វ លោកស្រី ហេនរីតា ហ្វ័រ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Covid-19 បានបង្កការបំផ្លិចបំផ្លាញដល់ការអប់រំរបស់កុមារនៅជុំវិញពិភពលោក ហើយថា ការចាក់វ៉ាកសាំងដល់គ្រូបង្រៀន គឺជាជំហានដ៏សំខាន់មួយដើម្បីឈានទៅរកផ្លូវត្រូវ ។ លោកស្រីបានសង្កត់ធ្ងន់ថា គ្រូបង្រៀនគួរតែត្រូវបានផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំង Covid-19 បន្ទាប់ពីបុគ្គ លិកសុខាភិបាលជួរមុខ និងប្រជាជនដែលមានហានិភ័យខ្ពស់ ហើយថា វានឹងជួយការពារគ្រូបង្រៀនពីជំងឺនេះ ដោយអនុញ្ញាតអោយពួកគេបង្រៀនសិស្សដោយផ្ទាល់ ក៏ដូចជាបើកសាលារៀនឡើងវិញផងដែរ ។
បើតាមអង្គការ យូនីសេហ្វ ការផ្ទុះឡើងខ្លាំងបំផុតនៃករណីឆ្លងជំងឺ Covid-19 កាលពីចុងខែមេសាកន្លងទៅ ការបិទទ្វារសាលារៀនបានរំខានដល់ការរៀនសូត្ររបស់សិស្ស-និស្សិតស្ទើរតែ៩០ភាគរយនៅទូទាំងពិភពលោក ៕